(សៀមរាប)៖ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា «យុវជនតោះទៅលេងសៀមរាប» ដោយមានកិច្ចសហការជាមួយអាជ្ញាធរ បានចុះផ្សព្វផ្សាយតាមឧគ្ឃោសនាសព្ទតាមរ៉ឺម៉កចំនួន ១២គ្រឿង ចុះតាមដងផ្លូវសំខាន់ៗក្នុងទីប្រជុំជនក្រុងសៀមរាប ផ្សព្វផ្សាយនូវវិធាននានាស្តីពីការការពារជំងឺកូវីដ១៩។
យុទ្ធនាការផ្សព្វផ្សាយដែលធ្វើនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ មានការរៀបចំក្បួនរ៉ឺម៉កចំនួន ១២គ្រឿងហែរជាក្បួន ដោយបែងចែកជា ២ក្រុមតូចៗ។ មួយក្រុមមានរ៉ឺម៉ក ៦គ្រឿង គឺមួយក្រុមនៅប៉ែកខាងលិចស្ទឹង និងមួយក្រុមទៀតនៅខាងកើតស្ទឹងសៀមរាប។
តាមការបញ្ជាក់ពីតំណាងយុវជនមួយរូប បានឲ្យដឹងថា ការហែរជាក្រុមនេះ ធ្វើរយៈពេលពេញមួយព្រឹកថ្ងៃទី២៦ ខែមីនា ហើយបន្ទាប់មក ពេលរសៀល និងថ្ងៃបន្ទាប់ គឺយុវជនចុះធ្វើការអប់រំ និងផ្សព្វផ្សាយតាមសង្កាត់នីមួយៗក្នុងក្រុងសៀមរាប។
សកម្មភាពខាងលើនេះ នឹងត្រូវអនុវត្តមួយរយៈកាលរហូតដល់ស្ថានភាពនៃការឆ្លងថយចុះ ឬពេលប្រជាពលរដ្ឋយល់ដឹងច្រើន ជុំវិញវិធានការទប់ស្កាត់ និងការពារការរីតត្បាតជំងឺកូវីដ១៩។ យុវជនដែលបានចុះបំពេញកិច្ចការនេះ គឺបានយល់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការការពារ៣កុំ៣ការពារ និងវិធានដទៃទៀត ដែលរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប បានដាក់ចេញ។
បន្ថែមពីនោះ រដ្ឋបាលខេត្តសៀមរាប ក៏បានអរគុណចំពោះសកម្មភាពយុវជន ដែលបានចំណាយពេលវេលា និងធនធានចូលរួមជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងឲ្យប្រជាពលរដ្ឋបានយល់ និងអនុវត្ត ព្រមទាំងជៀសពីការចុះអនុវត្តច្បាប់របស់សមត្ថកិច្ចអំពីការមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចអនុវត្តគម្លាតសុវត្ថិភាពជាដើម។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមពង្រឹងការត្រួតពិនិត្យសុខភាពបឋមដល់អ្នក ដំណើរដែលឆ្លងកាត់ចូលខេត្តទេសចរណ៍មួយនេះ តាមទីតាំងចំនួន២ គឺនៅព្រំប្រទល់ខេត្តកំពង់ និងខេត្តបន្ទាយមានជ័យ។ ក្រៅពីនោះ អាជ្ញាធរមូលដ្ឋាន ក៏បានខិតខំប្រឹងប្រែងផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ អំពីវិធានការសុខាភិបាល ដូចជាពាក់ម៉ាស់ និងរក្សាគម្លាតសង្គម ផងដែរ។
គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនានេះ ខេត្តសៀមរាប មានអ្នកជំងឺកូវីដ១៩ចំនួន៧នាក់ហើយ ដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ស្រ្ដីវ័យ១៧ឆ្នាំ ជាបុគ្គលិកនៅហាងកាហ្វេមួយក្នុងក្រុងសៀមរាប គឺជាអ្នកឆ្លងទី៧ ដែលបានឆ្លងពីបុរសអ្នកជំងឺទី៦ ធ្លាប់ចេញចូលផឹកកាហ្វេនៅហាងខាងលើនេះជាប្រចាំ៕