(សៀមរាប)៖ សាលាខេត្តសៀមរាប នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចបើកដំណើរការចេញ-ចូលឡើងវិញ ក្នុងភូមិសាស្ត្រសង្កាត់គោកចក ក្រុងសៀមរាប។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋបាលខេត្តសម្រេចបើកដំណើរការចេញ-ចូលឡើងវិញ ក្នុងភូមិសាស្រ្តសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីជួយសម្រួលដល់ការរស់នៅ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះតទៅ។ ចំពោះ ភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប នៅបន្តផ្អាកការចេញ-ចូលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងខេត្តសៀមរាប រហូតមានការជូនដំណឹងជាថ្មី»។
ទន្ទឹមនឹងនេះ ដើម្បីអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើវិធានការទប់ស្កាត់ការរាលដាលនៃជំងឺកូដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងបន្តការរាលដាលក្នុងសហគមន៍នៅតាមបណ្តារាជធានី-ខេត្ត សាលាខេត្តសៀមរាប បានសំណូមពរដល់ប្រជាពលរដ្ឋ
និងសាធារណជន យកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ត្រូវលាងដៃជាមួយសាប៊ូ ឬដែលនិងត្រូវរក្សាតម្លាតសង្គម) និង៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា) ផងដែរ៕