(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានស្នើទៅអភិបាលរាជធានី-ខេត្តទាំងអស់ ជួយផ្សព្វផ្សាយនូវសារអប់រំនានាស្តីពីវ៉ាក់សាំងកូវីដ១៩ ដែលកម្ពុជាកំពុងដំណើរចាក់ជូនប្រជាពលរដ្ឋ។ បើតាមក្រសួងសុខាភិបាលការជំរុញផ្សព្វផ្សាយនូវសារទាំងនេះ ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រាប និងចូលរួមគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ តាមការកំណត់របស់រាជរដ្ឋាភិបាល។
ក្នុងលិខិតស្នើទៅកាន់អភិបាលរាជធានី-ខេត្ត របស់ក្រសួងសុខាភិបាលធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានរំលឹកពីដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាមានដូចជាវ៉ាក់សាំងស៊ីណូហ្វាម, អាស្ត្រាហ្សេនីកា និងស៊ីណូវ៉ាក់ជាដើម។
បើតាមក្រសួងសុខាភិបាល វ៉ាក់សាំងកូវីដ-១៩ ជាឧបករណ៍ថ្មីបន្ថែមទៀតលើវិធានការសុខាភិបាលដែលមានស្រាប់សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្គ្រោះជីវិត ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់ នៅពេលឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។
វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងប្រើប្រាស់នៅកម្ពុជា ជាវ៉ាក់សាំងដែលបានធ្វើតែស្តពីសុវត្ថិភាព និងប្រសិទ្ធភាពម៉ត់ចត់ និងកំពុងប្រើប្រាស់នៅតាមប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោកផងដែរ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ដើម្បីធានាឱ្យយុទ្ធនាការចាក់វ៉ាក់សាំងកូដ-១៩នេះ ប្រព្រឹត្តទៅតាមផែនការកំណត់ អភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ខ្ពស់ជាបន្តទៀត ក្នុងការចាត់ចែងអប់រំផ្សព្វផ្សាយដល់សាធារណជនអំពីវ៉ាក់សាំងវីដ-១៩ ដោយប្រើប្រាស់សារអប់រំសុខភាពដែលផ្ដល់ជូនដោយគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមបណ្ដាញផ្សព្វផ្សាយនានា ដែលមាននៅតាមរាជធានី-ខេត្ត របស់ខ្លួន ឬអាចទាញយកឯកសារមកប្រើប្រាស់តាម Youtube ដែលមានអាសយដ្ឋាន https://www.youtube.com/channel/UCQV28G-Ib7Qal7-nF9JlBjQ/featured
ក្នុងលិខិតនេះក្រសួងសុខាភិបាល ក៏បានស្នើអភិបាលរាជធានី-ខេត្ត បន្តណែនាំដល់អាជ្ញាធរឃុំ សង្កាត់ ចូលរួមត្រួតពិនិត្យ និងការពារហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ច និងសង្គម ដោយអនុវត្តនូវវិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លុតសុវត្ថិភាព បុគ្គលពីមួយម៉ែត្រកន្លះឡើង និង៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចាប់ដៃគ្នា កុំ ឱបគ្នា កុំកៀកស្មាគ្នា) ឱ្យបានខ្ជាប់ខ្លួនជានិច្ច៕