(ភ្នំពេញ)៖ បើតាមលិខិតរបស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា សត្វស្លាបដែលងាប់ជាបន្តបន្ទាប់ នៅទួលពាន់តាឡី បឹងស្នេហ៍ ខេត្តព្រៃវែង គឺងាប់ដោយសារជំងឺផ្តាសាយបក្សី AH5N1។
លិខិតរបស់លោករដ្ឋមន្ត្រី វេង សាខុន ដែលផ្ញើជូនលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានសុំកិច្ចសហការបានបញ្ជាក់ថា «ផ្អែកលើលទ្ធផលវិភាគ របស់វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្ហាញថា មានវត្តមានវីរុសជំងឺផ្ដាសាយបក្សី ដែលបង្កដោយវីរុសក្នុងអនុក្រុម AH5N1»។
ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើឲ្យមានវិធានការបន្ទាន់ដូចជា៖
* បំផ្លាញចោលចំពោះបក្សី ដែលសង្ស័យមានជំងឺ សាកសពបក្សី និងផលិតផលបក្សីក្នុងតំបន់ផ្ទុះជំងឺ តាមវិធានបច្ចេកទេសបសុពេទ្យ
* ផ្អាកជាបណ្តោះអាសន្នលើការចូល-ចេញ ឬឆ្លងកាត់ក្នុងរង្វង់កាំប្រវែង៣គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ និងដាក់តំបន់នេះ ជាតំបន់ត្រួតពិនិត្យ និងតាមដាន។
* សិក្សាស្រាវជ្រាវប្រភពជំងឺផ្ដាសាយបក្សី ក្នុងរយៈពេល៣០ថ្ងៃ និងត្រួតពិនិត្យឃ្លាំមើលចលនាបក្សីជាប្រចាំ ក្នុងរង្វង់ដែលមានប្រវែង ១០គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ។
* ត្រូវរាយការណ៍ពីកន្លែងបក្សីងាប់ ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដើម្បីអនុវត្តវិធានបច្ចេកទេសបសុពេទ្យ។
សូមជម្រាបថា តំបន់ទេសចរណ៍សត្វស្លាបទួលពាន់តាឡី ស្ថិតនៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង មានផ្ទៃដី៨២ហិកតា ហ៊ុមព័ទ្ធដោយព្រៃលិចទឹក ដែលមានសត្វរាប់ម៉ឺនក្បាល កំពុងរស់នៅទីនោះយ៉ាងសុខក្សេមក្សាន្ត។ រយៈពេល៩ថ្ងៃមកនេះ ពោលគិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ មានសត្វស្លាបនៅតំបន់ទួលពាន់តាឡី ជាច្រើនរកក្បាល បានងាប់ជាបន្តបន្ទាប់៕