(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសរំលេចថា ការដែលកម្ពុជាទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ចាក់ជូនប្រជាពលរដ្ឋ ជាមនុញ្ញផលដ៏ថ្លៃថ្លាមួយកើតចេញពីទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងចិន។
វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ បានក្លាយទៅទំនិញដ៏ចាំបាច់មួយសម្រាប់ពិភពលោកនាពេលបច្ចុប្បន្នក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការស្រោចស្រង់ឡើងវិញនូវការរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចនៃបណ្តាប្រទេសនីមួយៗ។ កម្ពុជា ក៏បានប្រឹងប្រែងក្នុងការស្វះស្វែងរកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។ កម្ពុជា បានចាត់ទុកវ៉ាក់សាំងកូវីដ១៩ ជាទំនិញយុទ្ធសាស្ត្រមួយក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយស្តារឡើងវិញនូវការរស់នៅ និងស្ថានភាពសេដ្ឋកិច្ច។
គ្រាដែលប្រទេសលើពិភពលោកកំពុងប្រជែងគ្នាទិញវ៉ាក់សាំង ហើយប្រទេសខ្លះប្រជែងទិញវ៉ាក់សាំងមិនបានផងនោះ កម្ពុជាជាប្រទេសក្រីក្រមួយ ដែលទទួលបានវ៉ាក់សាំងកូវីដ១៩ ក្នុងល្បឿនមួយលឿនសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ ចិន ជាប្រទេសមួយដែលបានផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ មកកាន់ប្រទេសកម្ពុជា។ ក្នុងនោះកាលពីខែកុម្ភៈ ចិន បានផ្តល់ជំនួយវ៉ាក់សាំងស៊ីណូហ្វាម ៦០ម៉ឺនដូស, នៅខែមីនា នេះ បានជួយសម្របសម្រួលឱ្យកម្ពុជាទិញវ៉ាក់សាំងស៊ីណូវ៉ាក់ ១.៥លានដូស ខណៈដាច់ខែមីនា នឹងផ្តល់ជំនួយវ៉ាក់សាំងស៊ីណូហ្វាម ៧០ម៉ឺនដូសបន្ថែមទៀត។
លោក វង្សី វិស្សុត ក្នុងឱកាសទទួលវ៉ាក់ស៊ីណូវ៉ាក់ របស់ក្រុមហ៊ុនចិន នៅថ្ងៃទី២៦ ខែមីនា បានលើកឡើងថា ការទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់នេះ គឺកើតចេញពីចំណងទំនាក់ទំនងល្អរវាងកម្ពុជា និងចិន។
លោករដ្ឋមន្ត្រីប្រតិភូមិអមនាយករដ្ឋមន្ត្រីរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំអាចបញ្ជាក់ជូនថា លក្ខណៈពិសេសនៃចំណងមិត្តភាពកម្ពុជា-ចិន បានដើរតួនាទី មានតម្លៃពុំអាចគណនាបាន ក្នុងការជួយធានាឱ្យកម្ពុជាមានវ៉ាក់សាំងទាន់ពេល សម្រាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ»។
លោក រង្សី វិស្សុត បានលើកឡើងដែរថា នេះជាសក្ខីភាពឆ្លុះបញ្ចាំងអំពីភាពជោគជ័យថ្មីមួយទៀត នៃកិច្ចខិតខំប្រឹងប្រែង និងបេសកកម្មជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកវ៉ាក់សាំងទាំងតាមរយៈការទិញ និងតាមរយៈជំនួយទាំងពីប្រភពកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ខណៈពិភពលោកទាំងមូលកំពុងប្រកួតប្រជែងយ៉ាងស្វិតស្វាញក្នុងការទិញ ហើយសមត្ថភាពផលិតនៅមានកម្រិតយ៉ាងខ្លាំង។
ក្នុងពិធីព្រឹកមិញនេះ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩មក ប្រជាជនចិន និងកម្ពុជា បានរួមសុខរួមទុក្ខជាមួយគ្នាជួយគ្នាទៅវិញទៅមក បង្កើតជាគំរូមួយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩។ លោកបន្តថា តាមរយៈការផ្តល់វ៉ាក់សាំងរបស់ចិន មកកម្ពុជា បង្ហាញឱ្យឃើញនូវចំណងមិត្តភាពដ៏វិសេសវីសាលរវាងចិន និងកម្ពុជា។
លោកឯកអគ្គរដ្ឋទូតបានថ្លែងថា «ខ្ញុំសង្ឃឹមដោយស្មោះថា វ៉ាក់សាំងចិន នឹងអាចបង្កើតជាជញ្ជាំងការពារសុខភាពដ៏រឹងមាំសម្រាប់ប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩»។
លោក វ៉ាង វិនធាន ក៏បានបង្ហាញជំហររបស់រដ្ឋាភិបាលចិន ក្នុងការជួយជ្រោមជ្រែងកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩ រហូតដល់ទទួលបានជោគជ័យ៕