(ហាណូយ)៖ វៀតណាមបាននឹងកំពុងទទួលរង នូវគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត មិនធ្លាប់មានពីមុនមក ក្នុងរយៈពេលជិតមួយសតវត្សន៍កន្លងទៅ ជាមួយនឹងការវាយប្រហារលើក្រុមកសិករ ជាពិសេសវាយប្រហារខ្លាំងបំផុត នៅភាគខាងត្បូងតំបន់ដីសណ្តរទន្លេមេគង្គ នេះបើតាមប្រភពពី ក្រុមមន្ត្រីជំនាញ ចេញផ្សាយដោយសារព័ត៌មានស៊ិនហួ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ។
«កម្រិតទឹកទន្លេមេគង្គ បានធ្លាក់ចុះមកកម្រិតទាបបំផុត មិនធ្លាប់មានពីមុនមក ចាប់តាំងពីឆ្នាំ១៩២៦ បណ្តាលឲ្យមានគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត និងដីគ្មានជីជាតិ នៅតំបន់នោះ» នេះបើតាមសម្តីលោក Nguyen Van Tinh អនុប្រធានមន្ទីរជលគតិវិជ្ជា ស្ថិតនៅក្រោមក្រសួងកសិកម្ម បានឲ្យដឹងយ៉ាងដូច្នេះ។
តំបន់ទំនាប និងផលដំណាំយ៉ាងច្រើន នៅតាមតំបន់ទន្លេមេគង្គ គឺជាទីជម្រករបស់ប្រជាជនជាង២០លាននាក់ និងជាតំបន់ដាំដុះស្រូវ របស់ប្រទេសផងដែរ។ ក្រុមអ្នកវិទ្យាសាស្ត្រ បានស្តីបន្តោសនូវបាតុភូតអាកាសធាតុ 2015-2016 El Nino ដែលបាននឹងកំពុងបន្តកើតឡើង ដោយវាជាបាតុភូតមួយ ក្នុងចំណោមបាតុភូតខ្លាំងក្លាបំផុត ដែលបណ្តាលឲ្យមានគ្រោះរាំងស្ងួតនេះកើតឡើង។ ភាពខ្វះខាតនៃទឹក ក៏បានប៉ះពាល់ដល់វិស័យកសិកម្ម នៅតាមប្រទេសជិតខាងដូចជា ឡាវ, ថៃ មីយ៉ាន់ម៉ា និងកម្ពុជាផងដែរ។
លោក Le Anh Tuan មន្ត្រីជំនាញការបម្រែបម្រួលអាកាសធាតុ នៅសកលវិទ្យាល័យ Can Tho នៅចំណុចកណ្តាលតំបន់មេគង្គ បានឲ្យដឹងថា ប្រមាណ៤០ ទៅ៥០ភាគរយ នៃផ្ទៃដី២,២លានហិកតា នៅតំបន់ដីសណ្តរ ត្រូវបានរងការវាយប្រហារដោយភាពដីគ្មានជីជាតិ។
បក្សកំពុងកាន់អំណាចវៀតណាម បានប្រកាសប្រើប្រាស់ថវិកាជំនួយ ៣,៨លានដុល្លារសហរដ្ឋអាម៉េរិក សម្រាប់តំបន់ដែលរងផលប៉ះពាល់។ គួរជម្រាបថា វៀតណាមគឺជាប្រទេសនាំចេញ អង្ករនិងកាហ្វេធំជាងគេទី២ នៅលើពិភពលោក៕