(ភ្នំពេញ)៖ ដើម្បីគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងបរិស្ថាន និងអង្គការ WWF នឹងរៀបចំទិវាមួយម៉ោងសម្រាប់ភពផែនដីនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ស្អែកនេះ វេលាម៉ោង ៨៖៣០នាទីល្ងាច តាមប្រព័ន្ធឌីជីថល (បណ្តាញសង្គមអនឡាញ) ក្នុងស្មារតីរួមសាមគ្គីភាពជាមួយប្រជាជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា និងលើពិភពលោក។
នេះជាលើកទី១៤ហើយ ដែលទិវាមួយម៉ោងសម្រាប់ភពផែនដី ប្រារព្ធក្នុងគោលបំណងឱ្យពលរដ្ឋចេះស្រឡាញ់បរិស្ថាន និងចូលរួមការពារភពផែនដី។ ខណៈទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២១ ផ្តោតសារៈសំខាន់លើភាពចាំបាច់ នៃសកម្មភាពរួមគ្នា ដើម្បីការពារធម្មជាតិដែលជាផ្ទះរួមរបស់យើង។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា៖ «ការប្រារព្ធកម្មវិធីនេះ តាមរយៈឌីជីថលជាការបញ្ជូនសារស្តីពី ការស្រឡាញ់ភពផែនដី ព្រៃឈើ សត្វព្រៃ និងបញ្ជា្របការកាត់បន្ថយការ ប្រើប្រាស់ ចរន្ដអគ្គីសនី និងរួមគ្នាប្រើប្រាស់នូវថាមពលកកើតឡើងវិញ ដើម្បីជួយកាត់បន្ថយសម្ពោធសម្រាប់ភពផែនដី»។
លោក នេត្រ ភក្ត្រា បានក្រើនរឭកថា៖ «ពេលនេះ គឺជាពេលវេលាដែលឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីសារៈសំខាន់ និងចំណងភ្ជាប់រវាងធម្មជាតិ និងជីវៈចម្រុះទៅនឹងការរស់រាន និងសុខុមាលភាពរបស់យើងទាំងអស់គ្នា»។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ ក៏បានជំរុញ និងលើកទឹកចិត្តឱ្យយុវជន ចូលរួមបង្កើតនូវវីដេអូខ្លី ក្នុងន័យស្រឡាញ់បរិស្ថាន ចែករំលែកទៅកាន់សាធារណជនដទៃ។ គួរជម្រាបថា «ទិវាមួយម៉ោងសម្រាប់ភពផែនដី» ដែលធ្វើឡើងតាំងពីឆ្នាំ២០០៧ តែងតែលើកទឹកចិត្តមនុស្សរាប់លាននាក់ នៅទូទាំងសកលលោកឱ្យចូលរួមធ្វើសកម្មភាពការពារធម្មជាតិ និងភពផែនដីសម្រាប់អ្នកគ្រប់គ្នា។
សូមបញ្ជាក់ថា ទិវាមួយម៉ោងសម្រាប់ភពផែនដីនេះ ត្រូវបានចាប់រៀបចំដំបូងគេនៅក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០០៧។ «សូមចូលរួមបិទភ្លើងអគ្គិសនីរយៈពេលមួយម៉ោង ជាមួយយើងខ្ញុំ នៅថ្ងៃសៅរ៍ទី២៧ ខែមីនា នាវេលាម៉ោង៨៖៣០នាទីយប់ ខាងមុខនេះ ពីផ្ទះរបស់អ្នករៀងៗខ្លួន ដើម្បីបង្ហាញការប្តេជ្ញាចិត្តអ្នកចំពោះនិរន្តរភាពបរិស្ថាន និងភពផែនដីយើង»៕