(កំពង់ចាម)៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ នៅសាលាខេត្តកំពង់ចាម មានសប្បុរសជនបានបន្តនាំអំណោយជាសម្ភារ និងថវិកា ផ្ដល់ជូនគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ដើម្បីចូលរួមក្នុងយុទ្ធនាការ ប្រឆាំងជំងឺកូវីដ-១៩ ខណៈពេលដែលជំងឺនេះ កំពុងរីករាលដាលចូលក្នុងសហគមន៍ ដែលមានឈ្មោះថាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
សូមបញ្ជាក់ថា សប្បុរសជនដែលបាននាំអំណោយផ្ដល់ជូនប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា មានចំនួន៨ ក្រុម អំណោយនាពេលនោះមានដូចជា ថវិកាចំនួន ១.៦០០ ដុល្លារសហរដ្ឋអាមេរិក និងលុយរៀលចំនួន ៤ លាន ៥ សែនរៀល, មីចំនួន១២០កេស, អាលកុល ២៥០លីត្រ, ទឹកបរិសុទ្ធ ៣០ កេស និង ២០០យួ, ម៉ាសចំនួន ១០.០០០ ម៉ាស, និងម៉ាស៊ីនវាស់កំដៅ បាញ់អាល់កុល ចំនួន៤ គ្រឿងផងដែរ។
ស្ថិតក្នុងឱកាសនោះ លោកអ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលបានឯកភាពគ្នា នាំអំណោយដ៏ថ្លៃថ្លា ជាថវិកានិងសម្ភារៈ យកមកផ្ដល់ជូនគណៈកម្មការ ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅពេលនេះ៕