(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានថ្លែងថា កម្ពុជាមិនមានអ្វីព្រួយបារម្ភ ចំពោះការខ្វះខាតថវិកាសម្រាប់ទិញវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនោះទេ ព្រួយបារម្ភតែការខ្វះខាតវ៉ាក់សាំង សម្រាប់ទិញតែប៉ុណ្ណោះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា វ៉ាក់សាំងចំនួន១០លានដូស នឹងមកដល់កម្ពុជា ជាបន្តបន្ទាប់នៅចុងឆ្នាំ២០២១នេះ។
ការថ្លែងរបស់លោក វង្សី វិស្សុត ធ្វើឡើងក្នុងឱកាសជាតំណាងរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងស៉ីណូវ៉ាក់ចំនួន១.៥លានដូស ដែលកម្ពុជាទិញពីប្រទេសចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «បើនិយាយពីធនធានថវិកាសម្រាប់ទិញវ៉ាក់សាំង ដូចជាមិនចោទទេសម្រាប់កម្ពុជា។ យើងជាប្រទេសក្រ ប៉ុន្តែយើងមានលទ្ធភាពទិញគ្រប់គ្រាន់។ បញ្ហាចោទសម្រាប់យើង គឺតើមានវ៉ាក់សាំងទិញឬអត់? ដែលនេះជាបញ្ហារួមរបស់ពិភពលោក និងកម្ពុជា។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ យើងអាចរៀបចំផែនការមួយ ទាក់ទងដៃគូផ្សេងៗ យើងអាចធានាថា មានវ៉ាក់សាំងមកជាហូរហែរហូតដល់ដាច់ឆ្នាំនេះ មិនតិចជាង១០លានដូសទេ»។
លោក វង្សី វិស្សុត បានលើកឡើងថា វ៉ាក់សាំង គឺជាមធ្យោបាយដោះស្រាយជាយុទ្ធសាស្ត្រ និងជាគន្លឹះមួយ គួបផ្សំជាមួយនឹងការ អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ «៣ ការពារ និង ៣ កុំ» សម្រាប់ការពារអាយុជីវិតប្រជាជន និងទប់ទល់នឹងការរាតត្បាតជំងឺកូវីដ-១៩ ព្រមទាំងសម្រាប់ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ ពិសេស ស្តារជីវភាពរស់នៅជាប្រក្រតីរបស់ប្រជាជនឡើងវិញបានឆាប់រហ័ស។
លោកបន្តថា ជាការពិត ពុំមានប្រទេសណាមួយ មានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋស្ម័គ្រចិត្ត ក្នុងពេលតែមួយដំណាលគ្នាបានទេ។ ដោយសារសមត្ថភាពផលិត, ការចាក់វ៉ាក់សាំងតម្រូវឱ្យមានការរង់ចាំ មានវេន និងការធ្វើអាទិភាវូបនីយកម្មមុន និងក្រោយ។
លោកបន្ថែមថា រាជរដ្ឋាភិបាលនឹងបន្តបុរេសកម្ម ប្រឹងប្រែង ប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ វ៉ាក់សាំងឱ្យបានឆាប់ និងគ្រប់គ្រាន់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលស្ម័គ្រចិត្តទទួលចាក់វ៉ាក់សាំង។
រហូតមកដល់ពេលនេះ កម្ពុជាទទួលបាននូវវ៉ាក់សាំងបីប្រភេទផ្សេងគ្នា៖ ទី១ វ៉ាក់សាំង Sinopharm, ដែលបានមកដល់កម្ពុជាចំនួន៦ សែនដូស តាំងពីថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២១, ទី២ វ៉ាក់សាំង Covishield របស់ក្រុមហ៊ុន AstraZeneca ពីយន្តការកូវ៉ាក់ (COVAX Facility) កាលពីថ្ងៃទី២ ខែ មីនា ឆ្នាំ ២០២១ កន្លងទៅចំនួន ៣២៤ ០០០ ដូស និងទី៣ វ៉ាក់សាំង SINOVAC ចំនួន ១,៥ លានដូស ដែលទទួលនៅថ្ងៃទី២៦ ខែមីនានេះ។
លោក វង្សី វិស្សុត បញ្ជាក់ទៀតថា ប្រសិនពុំមានអ្វីប្រែប្រួលទេ វ៉ាក់សាំង Sinopharm ចំនួន៤ សែនដូសបន្ថែមទៀត ដែលជាជំនួយរបស់ភាគីមិត្តចិន ជំហានទី២ ក្នុងក្របខណ្ឌអំណោយ១លានដូស នឹងមកដល់កម្ពុជា នៅថ្ងៃទី ៣១ ខែ មីនានេះ។ ដោយឡែក ចំពោះវ៉ាក់សាំង Covishield បន្ថែមមួយចំនួនទៀត សម្រាប់ជំហានទី២ ដែលជាជំនួយពីយន្តការកូវ៉ាក់ (COVAX Facility) ក៏នឹងមកដល់កម្ពុជា ក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះផងដែរ។ បន្តពីនេះ វ៉ាក់សាំងពីប្រភពទាំង២ ខាងលើ បូករួម ជាមួយវ៉ាក់សាំងបានពីការទិញផ្ទាល់ពី Sinopharm និង SINOVAC ក៏ដូចជាវ៉ាក់សាំង Covishield ឬ AstraZeneca ផលិតនៅឥណ្ឌា ដែលកំពុងធ្វើការចរចាទិញផងដែរ នឹងមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត ស្របទៅតាមផែនការចាក់វ៉ាក់សាំងរបស់កម្ពុជា។
លោកបន្តថា កម្ពុជាកំពុងសិក្សា និងទំនាក់ទំនងជាមួយក្រុមហ៊ុន Johnson & Johnson របស់អាមេរិក ដើម្បីទិញវ៉ាក់សាំង Janssen ពីក្រុមហ៊ុននេះដែរ៕