(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានព្រមានចាត់វិធានការក្តៅ ចំពោះបណ្តាបុគ្គល ដែលធ្វើសកម្មភាពចាក់ បូមដី និងសំណង់រំលោភបំពានចំណីព្រែក និងដងព្រែកកោះតូច ស្ថិតនៅចំណុចជិតស្ពានរថភ្លើង មានព្រំប្រទល់រវាងភូមិព្រែកចេក និងភូមិគីឡូម៉ែត១២ ក្នុងឃុំកោះតូច ស្រុកទឹកឈូ ឲ្យបញ្ឈប់ជាបន្ទាន់ និងបញ្ជាឲ្យមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធត្រូវអនុវត្តតាមនីតិវិធីច្បាប់ និងអនុវត្តកំណត់ព្រំដី ឲ្យបានច្បាស់លាស់។
ការព្រមានចាត់វិធានការបែបនេះ ខណ:លោកអភិបាលខេត្តកំពត ដឹកនាំ មន្ត្រីជំនាញនៃមន្ទីរ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យទីតាំងជាក់ស្ដែង ដែលបណ្តាបុគ្គល ប្រព្រឹត្តធ្វើសកម្មភាពល្មើសច្បាប់ក្នុងភូមិសាស្រ្តខាងលើ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។
លោកអភិបាលខេត្ត ជាវ តាយ ក៏បានក្រើនរំលឹក បណ្តាបុគ្គលរំលោភបំពានដីចំណីព្រែក និងវណ្តាបុគ្គលផ្សេងៗទៀតដែលពាក់ព័ន្ធ នឹងការរំលោភបំពានដីសាធារណៈរបស់រដ្ឋ យកមកគ្រប់គ្រងដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះ សូមបញ្ឈប់សកម្មភាពជាបន្ទាន់ គឺមិនអាច យកដីសាធារណៈរបស់រដ្ឋ ដោយបំពានច្បាប់បានឡើយ។ ពិសេសពាក់ព័ន្ធ ការរំលោភបំពានដីចំណីព្រែក ដែលខុសនឹងគោលការណ៍បច្ចេកទេសផ្លូវទឹកជាដើម ដែលហូរមកពីភ្នំ ចុះទៅសមុទ្រតាមដងព្រែកមួយនេះ។
លោកអភិបាលខេត្ត ក៏បានដាក់ចំណាត់ការ ដល់ លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ ឲ្យអនុវត្តតាមនីតិវិធីច្បាប់ ចំពោះសំណង់ និងអាចម៍ដីដែលបានចាក់ រួមនឹងដីបូមលុប តាមដងព្រែក ចំណីព្រែក ត្រូវតែកាយចេញ ដើម្បីបើកផ្លូវទឹក ឲ្យបានឆាប់រហ័សជាបន្ទាន់។ ក្នុងករណីអនុវត្តមានការរាំងស្ទះដោយបញ្ហាណាមួយ ដែលមិនមានការចូលរួមសហការ ពីបុគ្គលរំលោភបំពាននោះទេ សូមរៀបចំឯកសារសម្រាប់រដ្ឋបាលខេត្ត ដាក់ជូនទៅស្ថាប័នតុលាការ ដើម្បីធ្វើចំណាត់ការតាមនីតិវិធីច្បាប់៕