(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗ ដែលមានទំហំមុខកាត់ ១ម៉ែត្រ ១ម៉ែត្រកន្លះ ២ម៉ែត្ររហូតដល់ ២ម៉ែត្រខ្លះជាដើម។
ទោះបីពេលនេះរដ្ឋបាលរាជធានីភ្នំពេញជាប់ដៃប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលដោយជំងឺកូវីដ១៩ ក៏ដោយជាក់ស្ដែងសម្រាប់ពេលនេះ ក្រុមការងាររបស់រាជធានីភ្នំពេញ បានធ្វើសកម្មភាពស្តារអាងស្តុបទឹកកខ្វក់នៅក្រោម សួនច្បារតាមបណ្តោយដងទន្លេរសាបចាប់ពីមុខផ្សារចាស់ រហូតដល់សាលសន្និទ្ធិចតុមុខ និងនៅរោងដំរី ខាងត្បូងព្រះបរមរាជវាំង និងកំពុងស្តារលូនៅតាមបណ្តោយផ្លូវព្រះមុនីវង្សផងដែរ ដើម្បីសម្រួលផ្លូវទឹកហួរ បញ្ជៀសការលិច ក្នុងរដូវវស្សាខាងមុខនេះ។
លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះថា ក្រុមការងារអង្គភាពលូទឹកបូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ក្រោយពីមានការណែនាំពីលោក ឃួង ស្រេង អង្គភាពលូទឹកបូមទឹក បាននិងធ្វើសកម្មភាពស្ដារអាងស្តុបទឹកកខ្វក់នៅតាមបណ្តោយដងទន្លេរសាបចាប់ពីផ្សារចាស់រហូតដល់សាលសន្និទ្ធិចតុមុខ និងនៅរោងដំរី ដែលមានចំនួន៥អាង ក្នុងនោះ នៅតាមបណ្តោយដងទន្លេរសាប ចំនួន៤អាង និងនៅរោងដំរីចំនួន១អាង ហើយការងារនេះបានបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី២៥ មីនា។
ជាមួយគ្នានេះដែរ ក្រុមការងារមួយក្រុមទៀត ក៏បាននិងកំពុងស្តារលូនៅតាមបណ្តោយផ្លូវព្រះមុនីវង្សផងដែរ ដើម្បីសម្រួលផ្លូវទឹកហួរ បញ្ជៀសការលិច ក្នុងរដូវវស្សាខាងមុខនេះ។ ពាក់ព័ន្ធពាក់ព័ន្ធនឹងការស្ដារប្រព័ន្ធលូ ក្នុងរាជធានីភ្នំពេញនេះ លោក ដួង ចាន់សារ៉ាត់ ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការដោយកុំទុកដាក់សំរាម នៅមាត់លូ លើគំរូលូឬនៅមុខលូជាដើម ដែលធ្វើសំរាមទាំងនោះ ហូមកបាំងមុខលូ ពេលមានភ្លៀងធ្លាក់ម្ដងៗ។
លោកក៏បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការដោយកាយសំរាមចេញពីមុខឬមាត់លូ និងជៀសវាងឲ្យបាននូវការបិទមាត់លូ ព្រោះតែខ្លាចមានក្លិនស្អុយ។ នេះជាទម្លាប់មិនល្អនឹងធ្វើឱ្យមានការលិចលង់ លំនៅដ្ឋាននៅពេលមានភ្លៀងធ្លាក់នៅរដូវវស្សាខាងមុខនេះ៕