(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានចុះស្រាវជ្រាវបង្ក្រាបករណីនាំមនុស្សឆ្លងដែនខុសច្បាប់ ដោយបានធ្វើការឃាត់ខ្លួនមេខ្យល់ម្នាក់ ដែលលួចនាំពលករចំនួន ៥នាក់ ឆ្លងដែនទៅប្រទេសថៃ។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ជនសង្ស័យជាមេខ្យល់ឈ្មោះ ទូច សម្បត្តិ អាយុ៤០ឆ្នាំ នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ មេខ្យល់នោះបានដឹកពលករ តាមរថយន្តម៉ាកកាម៉ារី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-5584 ចំនួន៥នាក់ នៅចំណុចភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការឆ្លងដែនទៅថៃ រកការងារធ្វើ នឹងត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក លេខ៨១៥ និងកម្លាំង នគរបាលនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ សហការជាមួយកម្លាំងយោធាសិករងស្រុកម៉ាឡៃ ធ្វើការឃាត់បាន។
លោកអធិការបានបញ្ជាក់ទៀតថា តាមការបំភ្លឺរបស់ពលករទាំង៥នាក់ បានរៀបរាប់ថា ពួកខ្លួនត្រូវបានមនុស្សម្នាក់ខល តាមទូរស័ព្ទប្រាប់ឲ្យរងចាំបន្តិចទៀត មានរថយន្ត មកដឹកពេលនោះមានរថយន្ត១គ្រឿង បានមកដឹកពួកខ្លួនទាំង៥នាក់តាមការកំណត់ ពីស្រុកសំពៅលូន មកកាន់ស្រុកម៉ាឡៃ ដើម្បីឆ្លងដែនទៅប្រទេសថៃ ដោយក្នុង១នាក់ គេយកថ្លៃ៥០០បាត លុះមកដល់នៅចំណុចភូមិភ្នំរូង អ្នកបើកឡានឈប់បើកទ្វារឲ្យពួកពលកររត់ ប៉ុន្តែរត់រួចតែ២នាក់ ចំណែក៣នាក់ទៀតចេញពីឡានមិនរួច។
អធិការនគរបាលស្រុកម៉ាឡៃ បានបញ្ជាក់ទៀតថា បើតាមចម្លើយរបស់មេខ្យល់បានសារភាពថា ខ្លួនពិតជាបានដឹកពលករទាំង៥នាក់នោះមែន ដោយ១នាក់ យកតម្លៃ៥០០បាត ពីស្រុកសំពៅលូន មកស្រុកម៉ាឡៃ និងបានបើកទ្វារឡានឲ្យពលកររត់នៅពេលឃើញសមត្ថកិច្ច។
ដោយផ្អែកលើចម្លើយបំភ្លឺរបស់ពលករទាំង៥នាក់ និងចម្លើយសារភាពរបស់មេខ្យល់ កម្លាំងជំនាញបានបញ្ជូនខ្លួនមេខ្យល់នោះ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ច្បាប់៕