(បន្ទាយមានជ័យ)៖ ព្រះធម្មាលង្ការៈ មិនី ចាន់ សុជន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តប្រាសាទស្រះកណ្ដាលខ្ចាស់ រួមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បាននិមន្តនាំយកនូវអំណោយមនុស្សធម៌ របស់លោកលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន រួមមានសាប៊ូដុះខ្លួន ថ្នាំ ឡេលាបខ្លួន និងថវិកា៤០ម៉ឺនរៀល ប្រគល់ជូនដល់ផ្ទះកុមារ៉ាឈ្មោះ អាន បញ្ញា អាយុ១៣ឆ្នាំ ដែលមានអាការៈរោគសើស្បែក តាំងពីកំណើតរស់នៅភូមិ ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
បើតាមសំដីរបស់ម្ដាយកុមារ៉ា អាន បញ្ញា បានបញ្ជាក់ថា កូនរបស់គាត់មានអាការរមាស់សើស្បែក តាំងតែពីចាប់កំណើតមកម្ល៉េះ រហូតមកដល់ពេលនេះមានអាយុ ១៣ ឆ្នាំហើយ ក្នុងនាមជាម្ដាយដែលជាស្ត្រីមេផ្ទះផងនេះ បានខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ ក្នុងការព្យាបាលជំងឺរមាស់សើស្បែករបស់កូនគាត់គ្រប់ច្រកល្ហក តែបើមើលមិនជាសោះ មិនដឹងមូលហេតុ។
ព្រះធម្មាលង្ការៈ មុនី ចាន់ សុជន មានសង្ឃដីកា ពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងអាណិតស្រលាញ់ពីសំណាក់លោកលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ដែលជានិច្ចកាលលោកស្រីតែងតែគិតគូរសុខទុក្ខ របស់ប្រជាពលរដ្ឋជាពិសេសក្រុមគ្រួសារកំពុងជួបការលំបាក។
ព្រះតេជគុណ ចាន់ សុជន បានមានសង្ឃដីកាបន្តថា ក្នុងភាពលំបាករបស់ញោមស្រីនាពេលបច្ចុប្បន្ននេះក៏ដោយ សូមខិតខំប្រឹងប្រែងបន្តទៀតពិសេសសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត។ ព្រះតេជគុណសង្ឃឹមជឿជាក់ថា នឹងមានសប្បុរសជន អស់លោក លោកស្រីជិតឆ្ងាយ និងចូលរួមឧបត្ថម្ភដល់គ្រួសារកុមារ៉ា អាន បញ្ញា ជាបន្តទៀតជាក់ជាពុំខាន៕