(ពោធិ៍សាត់)៖ បុគ្គលម្នាក់ដែលក្លែងត្រា និងហត្ថលេខាសម្ដេចក្រឡាហោម ស ខេង និងយកឈ្មោះលោកឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករងអន្ដោប្រវេសន៍ បោកប្រាស់ប្រជាពលរដ្ឋរឿងរត់ការចូលក្របខ័ណ្ឌ មន្ដ្រីនគរបាលជាតិ ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត។
មន្ដ្រីសាលាដំបូងខេត្តពោធិ៍សាត់ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះថា បុគ្គលដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធការក្លែងត្រា និងហត្ថលេខាសម្ដេចក្រឡាហោម ស ខេង និងយកឈ្មោះលោកឧត្តមសេនីយ៍ឯក ឡុង ហាបាណា ដើម្បីបោកប្រាស់ប្រជាពលរដ្ឋនោះ ឈ្មោះ មុំ អស្សនី អាយុ៤៥ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១០ ខែមីនាកន្លងទៅ។
ប្រភពព័ត៌មានបានបន្ដទៀតថា បុគ្គលរូបនេះ ក៏ត្រូវបានលោក សុន នាថធាវី ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តពោធិ៍សាត់ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនរួចរាល់ហើយផងដែរ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ក្រោមបទចោទ «ឆបោកមានស្ថានទម្ងន់ទោស និងក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តនៅស្រុកក្រគរ, ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងរាជធានីភ្នំពេញ»។
សូមរំលឹកថា បុគ្គលឈ្មោះ មុំ អស្សនី ត្រូវបានកម្លាំងនគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ ចាប់ខ្លួននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ តាមបទបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។
នៅចំពោះមុខសមត្ថកិច្ច ដោយជនសង្ស័យបានធ្វើការសារភាពថា ខ្លួនពិតជាបានឆបោកដោយសំអាងថាខ្លួនជា លោកឧត្តមសេនីយ៍ឯក ឡុង ហាបាណា និងក្លែងបន្លំឯកសារសាធារណៈពិតមែន ជាមួយសកម្មភាពឆបោកដោយខ្លួនបានសន្យាថា នឹងជួយឲ្យចូលក្របខណ្ឌនគរបាលជាតិ ក្នុងម្នាក់យក ១២,០០០ដុល្លារ។ លោកឧត្តមសេនីយ៍ឯក ឡុង ហាបាណា មិនមានពាក់ព័ន្ធជាមួយរាល់សកម្មភាពនានា ដែលជនសង្ស័យខាងលើបានប្រព្រឹត្តឡើយ៕