(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសផ្លូវការអំពី ករណីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ម្នាក់ទៀត មានអាយុ៥៥ឆ្នាំ មានស្រុកកំណើតនៅភូមិក្តីចាស់ ឃុំព្រែកហ្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បុរសខាងលើនេះ បានធ្លាក់ខ្លួនឈឺដោយក្ដៅខ្លួន និងក្អកប្រហែលជា៣ ទៅ៤ថ្ងៃមុនស្លាប់ ដោយសភាពកាន់តែធ្ងន់ទៅ ក៏បានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៥៖៣០រសៀល ក្នុងស្ថានភាពមានអាការៈហត់ដង្ហក់ខ្លាំង ដែលជាសញ្ញានៃវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ។
ដោយការសង្ស័យ ក្រុមគ្រូពេទ្យបានយកវត្ថុសំណាកទៅវិភាគភ្លាមៗ នៅពេលចូលមកដល់មន្ទីរពេទ្យ ហើយលទ្ធផលវិភាគវត្ថុសំណាករបស់គាត់បានបង្ហាញថា មានវិជ្ជមានវីរុសកូវីដ-១៩ នៅវេលាម៉ោង ២៣៖០០យប់នាថ្ងៃដដែល។ ដោយសារស្ថានភាពធ្ងន់ធ្ងរពេកបែបនេះ ក្រុមគ្រូពេទ្យក្រៅពី ផ្តល់ការព្យាបាលតាមបច្ចេកទេស ក៏បានប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែមភ្លាមៗ តែជាអកុសល ក្នុងរយៈពេលតែកន្លះម៉ោងប៉ុណ្ណោះ គាត់ក៏បានធ្វើមរណៈកាលនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ទៅ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសវ័យ ៥៥ឆ្នាំខាងលើនេះ គឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ វៃលុកសួតសាហាវលឿន និងធ្ងន់ធ្ងរខ្លាំងពេក។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព៕