(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងវិធានសុវត្ថិភាព ទេសចរណ៍នៅតាមមូលដ្ឋាន ជាមួយម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ម្ចាស់អាហារដ្ឋាន និងភោជនីយដ្ឋាននានាក្នុងខេត្ត ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុង តែវាយប្រហារនៅទូទាំងសកលលោកនាពេលបច្ចុប្បន្ន។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅវេទិកាក្នុងសាលាខេត្ត នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក អ៊ឹង គឹមលៀង អភិបាលរងខេត្តពោធិ៍សាត់ ប្រធានមន្ទីរជំនាញ លោក លោកស្រី អភិបាលក្រុងស្រុក អធិការក្រុង ក្រុមប្រឹក្សាសង្កាត់ មេប៉ុស្តិ៍ទាំង៧ និងតំណាងអាជីវកម្មនានា ក្នុងក្រុងពោធិ៍សាត់ សរុប១២៥នាក់។
លោក ម៉ៅ ធនិន បានលើកឡើងថា បើទោះបីជាខេត្តពោធិ៍សាត់ ពុំទាន់មានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក៏មែនពិត តែទាមទាឱ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋ ទាំងអស់ចូលរួមទាំងអស់គ្នា ដើម្បីរឹតបន្តឹងទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធិភាពខ្ពស់។
លោក ម៉ៅ ធនិន ក៏បានស្នើឱ្យម្ចាស់អាជីវកម្ម សេវាកម្ម ក៏ដូចរដ្ឋបាលក្រុង សង្កាត់ សូមលើកពីបញ្ហាលំបាករបស់ខ្លួន ក៏ដូចជាការលំបាកដែលពាក់ព័ន្ធជាមួយភ្ញៀវ និងប្រជាពលរដ្ឋដែលមានការចេញចូល ដោយមិនបានអនុវត្តទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល ដែលករណីនេះលោកមេភូមិ ត្រូវតែធ្វើសេចក្តីរាយការណ៍មកថ្នាក់ឃុំ សង្កាត់ ឱ្យបាន ២ឬ៣ដង ក្នុង១ថ្ងៃ ដើម្បីឱ្យឃុំ សង្កាត់ រាយការណ៍មកថ្នាក់ក្រុង ស្រុក ខេត្ត ធ្វើការឆ្លើយតបឱ្យបានទាន់ ពេលវេលា។
បន្ទាប់ពីតំណាងមន្ទីរសុខាភិបាលខេត្ត រដ្ឋបាលសង្កាត់ និងម្ចាស់អាជីវកម្ម សេវាកម្ម ជាច្រើនរូប បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ជូនដល់អង្គប្រជុំរួចមក លោក ម៉ៅ ធនិន ក៏បានផ្តល់អនុសាសន៍១០ចំណុចដូចជា៖
១៖ ប្រសិនបើសង្ស័យថា មានអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ១៩ សូមទំនាក់ទំនងរកសេវាដឹកជញ្ជូន ដើម្បីអនុវត្តឱ្យបានទាន់ពេលវេលា។
២៖ ប្រសិនបើពលរដ្ឋមានការលាក់លៀម មិនរាយការណ៍ដល់អាជ្ញាធរ ឬសមត្ថកិច្ច ត្រូវអនុវត្តទៅតាមក្រឹត្យក្រមនៃច្បាប់។
៣៖ ក្នុងករណីនេះត្រូវបង្ខាំងទុកជននោះក្នុងតំបន់ចត្តាសឡីស័កចំនួន១៤ថ្ងៃ (ដោយមិនអាចចេញមុនការកំណត់)។
៤៖ ចំពោះប្រជាពលរដ្ឋ ដែលទើបនឹងវិលត្រឡប់មកពីប្រទេសថៃ ហើយមានការខ្វះខាត អាជ្ញាធរត្រូវសហការជួយឧបត្ថម្ភគាំទ្រ។
៥៖ ត្រូវសហការរកប្រជាពលរដ្ឋ ៣គ្រួសារ ដែលពាក់ព័ន្ធជាមួយជនម្នាក់ដែលមកពីភ្នំពេញ ហើយនៅផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩។
៦៖ មេប៉ុស្តិ៍ ឬចៅសង្កាត់ ត្រូវអានច្បាប់ឱ្យនប្រជាពលរដ្ឋស្តាប់។
៧៖ ពាក់ព័ន្ធនឹងការបង់ពន្ធដារលើអាជីវកម្ម លោកអភិបាលខេត្ត នឹងលើកយកទៅពិភាក្សាជាមួយមន្ទីរជំនាញពាក់ព័ន្ធ។
៨៖ គ្រប់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ត្រូវមានម៉ាស៊ីនបាញ់កំដៅ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនពីវិធានការរបស់រាជរដ្ឋាភិបាល «៣កុំ ៣ការពារ» ក៏ដូចជាវិធានការ របស់ក្រសួងសុខាភិបាល ក្នុងករណីមិនអនុវត្តតាមនឹងមានការបិទហាងជាដើម។
៩៖ នៅតាមភាជនីយដ្ឋាន អាហារដ្ឋាន ភ្ញៀវត្រូវកុំម្ម៉ង់មុខម្ហូបឱ្យវិចខ្ចប់ ហើយអង្គុយឱ្យមានគម្លាតពីគ្នា។
១០៖ អ្នកបម្រើតាមផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អ្នករត់ម៉ូតូឌុប រត់តាក់ស៊ី គឺជាជនជួរមុខក្នុងការទទួលបានវ៉ាក់សាំង៕