(ភ្នំពេញ)៖ ព្រះរាជអាជ្ញារង លោក សៀង សុខ បានថ្លែងប្រាប់ Fresh News នៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ លោកបានបញ្ចប់ការសាកសួរ មន្រ្តីយោធាដែលរងការចោទប្រកាន់ថា បានបាញ់ប្រហារទៅលើ បុរសរត់ម៉ូតូឌុបម្នាក់ នៅតាមដងផ្លូវ ប៉ុន្តែនៅមិនទាន់ការចោទប្រកាន់នៅឡើយទេ ដោយរង់ចាំការសួរនាំបន្តទៀត នៅថ្ងៃស្អែក។
លោក សៀង សុខ បានបញ្ជាក់ថា «ខ្ញុំបានសួរចប់ហើយ តែមិនទាន់សម្រេចយ៉ាងណានោះទេ ដោយរង់ចាំការសួរនាំនៅថ្ងៃស្អែកទៀត»។
សូមបញ្ជាក់ថា នៅព្រឹកមិញកម្លាំងកងរាជអាវុធរាជធានីភ្នំពេញ បានបញ្ចូនជនសង្ស័យ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ហើយឈានដល់ការផ្ទុះអាវុធចំនួនមួយគ្រាប់ ដែលប្រព្រឹត្តដោយមន្ត្រីយោធាស័ក្តិ៤ម្នាក់ ទៅលើអ្នករត់ម៉ូតូឌុប ទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឲ្យផ្ទុះអាវុធនេះ បានកើតឡើងនៅម៉ោង៨៖៤០នាទីយប់ ថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បុរសជាជនរងគ្រោះមានឈ្មោះ រៀម ឃួន អាយុ២៦ឆ្នាំ ជិះម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1I-2354 ស្ថិតតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ ចំណែកឯជនសង្ស័យដែលជាមន្ត្រីយោធាឈ្មោះ អ៊ុង គីមហេង អាយុ ៣១ ឆ្នាំ ជិះរថយន្តលុច្យស៊ីស RX330 ពណ៌ស្ករពាក់ស្លាកលេខខេមរៈភូមិន្ទ02 2-6882។
មុនពេលកើតហេតុ រថយន្តនិងម៉ូតូ បានប៉ះទង្គិចគ្នា ស្រាប់តែម្ចាស់រថយន្ត បានដកកាំភ្លើងបាញ់មួយគ្រាប់ទៅលើបុរសរត់ម៉ូតូ តែមិនត្រូវ។ ក្រោយបាញ់ប្រហារហើយ ម្ចាស់រថយន្តបានបើករថយន្តគេចខ្លួន រហូតបង្កឲ្យមានការភ្ញាក់ផ្អើល ហើយក៏មានប្រជាពលរដ្ឋ ជាច្រើននាក់ បើកម៉ូតូដេញតាមរហូតយកដុំថ្ម គប់ទៅលើរថយន្តបង្ក បណ្តាលឲ្យបែកកញ្ចក់ទៀតផង៕