(ភ្នំពេញ)៖ ជម្លោះពាក្យសម្តីនៅតែបន្តកើតមានរវាងបណ្តាញសហគមន៍ព្រៃឡង់ និង USAID ដោយសារតែបណ្តាញសហគមន៍ព្រៃឡង់ បានចោទប្រកាន់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USAID ថា បានយកឈ្មោះបណ្តាញសហគមន៍ព្រៃឡង់ និងបានទិញអតីតសមាជិកបណ្តាញសហគមន៍ទៅបម្រើប្រយោជន៍ គម្រោងដែលខ្លួនបាននឹងកំពុងអនុវត្តផ្តោតលើការអភិរក្សព្រៃឈើ ក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ តាមរយៈលិខិតចំហររបស់ខ្លួន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។
ជុំវិញបញ្ហានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានផ្តល់បទសម្ភាសន៍ដល់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ដោយគូសបញ្ជាក់ថា «ក្រសួងបរិស្ថានមិនមានអត្ថាធិប្បាយលើបញ្ហាទំនាក់ទំនងរវាងបបណ្តាញសហគមន៍ព្រៃឡង់នេះ និង USAID នេះទេ ប៉ុន្តែបានថ្លែងថាក្រសួងបរិស្ថានបាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគម្រោងព្រៃឡង់ បៃតងរបស់ USAID នៃសហរដ្ឋអាមេរិក ដែលបច្ចុប្បន្នគម្រោងសហប្រតិបត្តិការផ្នែកបច្ចេកទេសរយៈពេល៥ឆ្នាំ ក្នុងទំហំទឹកប្រាក់ជាង២១លានដុល្លារសហរដ្ឋអាមេរិកនេះ បានដំណើរការដល់ឆ្នាំទី៣ហើយ និងបង្ហាញពីមោទកភាពចំពោះផ្លែផ្កានៃកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការបង្កើនប្រសិទ្ធភាពក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅតំបន់ព្រៃឡង់»។
គួររំឭកថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បណ្តាញសហគមន៍ព្រៃឡង់ ដែលធ្វើសកម្មភាពដោយមិនមានការចុះបញ្ជី និងមានការទទួលស្គាល់ពីសមត្ថកិច្ច ហើយត្រូវបានទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួនចុះខែសីហា ឆ្នាំ២០២០ តម្រូវឱ្យចុះបញ្ជីឱ្យបានត្រឹមត្រូវមុននឹងធ្វើសកម្មភាព ដើម្បីមាននីតិសម្បទាពេញលេញធ្វើការសហការជាមួយស្ថាប័ននានា របស់រដ្ឋាភិបាល បានចេញលិខិតចំហរមួយជូនដល់ភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក ដោយបានលើកឡើងថា៖
«យើងខ្ញុំជាបណ្តាញសហគមន៍ព្រៃឡង់ មានការខកចិត្តជាខ្លាំង នៅពេលដែលបានឃើញសេចក្តីថ្លែងការណ៍ថ្មីៗនេះរបស់ USAID អះអាងថា (បានធ្វើការផ្ទាល់ជាមួយបណ្តាញសហគមន៍ព្រៃឡង់)។ យើងខ្ញុំមិនដែលឃើញ USAID ធ្វើការផ្ទាល់ជាមួយយើងខ្ញុំម្តងណាឡើយ។ USAID មិនដែលផ្តល់ដំណឹងអំពីគម្រោង ព្រៃឡង់បៃតង របស់ខ្លួនដល់យើងខ្ញុំនោះទេ។ USAID មិនដែលបានសួរយើងខ្ញុំថា តើយើងខ្ញុំយល់ព្រម នឹងអ្វីដែល USAID កំពុងធ្វើនៅលើព្រៃដូនតារបស់យើងឡើយ។ ហើយយើងខ្ញុំមិនដែលទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ ឬបច្ចេកទេសពី USAID ផងដែរ»។
លិខិតចំហររបស់បណ្តាញសហគមន៍ព្រៃឡង់ ក៏បានបើកកាយរឿងរ៉ាវនាពេលកន្លងទៅថា៖
«ផ្ទុយទៅវិញ យើងខ្ញុំបានស្នើសុំជួបប្រជុំជាមួយ USAID ជាច្រើនដង ប៉ុន្តែការប្រជុំភាគច្រើន តែងតែពន្យារពេល ឬលុបចោលនៅក្នុងហេតុផលផ្សេងៗ។ កិច្ចប្រជុំដែលត្រូវបានអញ្ជើញដោយ USAID គឺកំណត់ត្រឹមជាលក្ខណៈបុគ្គលរបស់បណ្តាញ១នាក់ ឬ២នាក់ ក្រោមហេតុផលថា ការិយាល័យរបស់ USAID មិនមានទំហំធំគ្រប់គ្រាន់ ដើម្បីអញ្ជើញតំណាងបណ្តាញមកពីខេត្តចំនួន ៤ឡើយ។
នេះមិនមែនជារបៀបដែលយើងខ្ញុំធ្វើការនោះទេ។ យើងខ្ញុំធ្វើការងារជាបណ្តាញ ហើយមិនមែនជាបុគ្គលដែលអ្នកអាចទិញដូរ ឬបំភិតបំភ័យបានឡើយ។ បណ្តាញសហគមន៍ព្រៃឡង់បានស្នើសុំ ដើម្បីទទួលបានការអញ្ជើញជាភាគីពាក់ព័ន្ធ នៅក្នុងគម្រោងរបស់ USAID នៅតំបន់ព្រៃឡង់ជាច្រើនដង ប៉ុន្តែសំណើរបស់យើងខ្ញុំ ដើម្បីទទួលបានការអញ្ជើញឱ្យចូលរួមគម្រោងដ៏ធំរបស់ USAID លើការ “គាំទ្រដល់ជីវចម្រុះព្រៃឈើ” និង “ព្រៃឡង់បៃតង” តែងតែត្រូវបានបដិសេធដោយ USAID»។
ក្រុមបណ្តាញនេះបានលើកឡើងថែមទៀតថា អ្វីដែលអះអាងថា USAID គាំទ្របណ្តាញសហគមន៍ព្រៃឡង់ ដើម្បីល្បាតរួមគ្នាជាមួយក្រសួងបរិស្ថាន វាជាការអះអាងដែលមិនមានការពិត។ USAID បានចំណាយប្រាក់ឱ្យអតីតសមាជិកបណ្តាញសហគមន៍ព្រៃឡង់ ដើម្បីធ្វើការជាមួយក្រសួងបរិស្ថាន ជាសហគមន៍តំបន់ការពារ (CPAs)។ ………..សំណួររបស់យើងខ្ញុំចំពោះ USAID គឺ៖ ហេតុអ្វីបានជា USAID អះអាងថា បានធ្វើការផ្ទាល់ជាមួយបណ្តាញសហគមន៍ព្រៃឡង់? លិខិតចំហរនេះបានបន្តថា ប្រសិនបើ USAID មិនចង់ធ្វើការជាមួយប្រជាជនមូលដ្ឋាន និងជនជាតិដើមភាគតិចទេ នោះគឺជាការសម្រេចចិត្តរបស់ USAID ប៉ុន្តែសូមគោរពយើងខ្ញុំជាបណ្តាញ ហើយមិនត្រូវប្រើឈ្មោះរបស់យើងខ្ញុំ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ សេចក្តីថ្លែងការណ៍របស់USAID មិនអាចទទួលយកបានឡើយសម្រាប់បណ្តាញសហគមន៍ព្រៃឡង់ ហើយយើងខ្ញុំស្នើសុំឱ្យមានការប្តូរពាក្យនេះចេញ។
ទាក់ទងនឹងបញ្ហានេះ លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាន មិនមានអត្ថាធិប្បាយលើបញ្ហាទំនាក់ទំនងរវាងបបណ្តាញសហគមន៍ព្រៃឡង់នេះ និង USAID នេះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា ក្រសួងបរិស្ថានក្នុងនាមស្ថាប័នទទួលអាណត្តិពីរាជរដ្ឋាភិបាលធ្វើការការពារ និងអភិរក្សធនធានធម្មជាតិដែលបច្ចុប្បន្ន បាននឹងកំពុងគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុចំនួន ៧៣កន្លែង មានផ្ទៃដីទំហំ៧,៣លានហិកតា ស្មើ៤១% នៃផ្ទៃដីប្រទេសកម្ពុជា បានផ្តល់កិច្ចសហការល្អជានិច្ចជាមួយដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនានា ស្របតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានរីករាយ និងស្វាគមន៍ជានិច្ចដៃគូអភិវឌ្ឍន៍ រូបវ័ន្ត និងនីតិបុគ្គលក្នុងការចូលរួមគាំទ្រ និងផ្តល់ជំនួយបច្ចេកទេសក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិនានា។
ការចូលរួមដែលរដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់យ៉ាងច្បាស់ថា ធ្វើឡើងដោយគោរពរតាមគោលការណ៍ណែនាំនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តត្រឹមត្រូវស្របតាមច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយការទទួលខុសត្រូវនិងដោយភាពស្មោះត្រង់ក្នុងភាពជាដៃគូ ដើម្បីរួមកម្លាំងគ្នាថែរក្សាធនធានធម្មជាតិកម្ពុជាឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។
អ្នកនាំពាក្យដ៏ប៉ិនប្រសព្វនៃក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា ក្រសួងបរិស្ថានសូមលើកទឹកចិត្តដល់ម្ចាស់ជំនួយទាំងឡាយ បន្តផ្តល់ជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសចំពោះសហគមន៍តំបន់ការពារធម្មជាតិ រួមនឹងសមាគម និងអង្គការក្រៅរដ្ឋាភិបាលណាដែលបានចុះបញ្ជីត្រឹមត្រូវ និងមគោរពច្បាប់ និងមានការទទួលស្គាល់ពីស្ថាប័នមានសមត្ថកិច្ច ដើម្បីជាការចូលរួមលើកស្ទួយការអនុវត្តច្បាប់ និងលើកទឹកចិត្តចំពោះអ្នកដែលគោរពច្បាប់ត្រឹមត្រូវ និងមានភាពស្មោះត្រង់ក្នុងកិច្ចសហប្រតិបត្តិការដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ USAID ដែលបានផ្តល់ជំនួយបច្ចេកទេសដល់អង្គការដៃគូនានា និងសហគមន៍តំបន់ការពារធម្មជាតិមួយចំនួនដែលទទួលស្គាល់ដោយក្រសួងបរិស្ថាន ដែលកំពុងធ្វើការងារយ៉ាងសកម្មបានធ្វើកិច្ចព្រមព្រៀងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិនានា៕