(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថា បើទោះបីដំណាក់កាលនេះជំងឺរាតត្បាតសកលកូវីដ-១៩ កំពុងបង្កហានីភ័យលើពិភពលោក ពិសេសកម្ពុជាកំពុងផ្ទុះជំងឺកូវីដ-១៩នេះក៏ដោយ តែដំណើរនៃការអភិវឌ្ឍ នៅមូលដ្ឋាននៅតែបន្តធ្វើដដែល ដើម្បីបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដោយធ្វើការអភិវឌ្ឍពីផ្លូវដី ទៅជាផ្លូវគ្រួសក្រហម ផ្លូវបេតុង និងក្រាលកៅស៊ូ ដើម្បីបំរើផលប្រយោជន៍ ជូនពលរដ្ឋនៅមូលដ្ឋានមានផ្លូវដើរបានស្រួល។
លោកបានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំអាជ្ញាធរក្រុងសិរីសោភ័ណ អមដំណើរដោយកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញ ចុះពិនិត្យមើលផ្លូវ២ខ្សែ ក្នុងសង្កាត់ភ្នៀត និងសង្កាត់កោះពងសត្វ ក្នុងក្រុងសិរីសោភ័ណ។
លោកបានបន្តថា ផ្លូវខ្សែទី១ ពីសង្កាត់ព្រះពន្លា ទៅកាន់ចុងភូមិនៃសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ក្រោមគម្រោងថវិកាអភិវឌ្ឍន៍ខេត្តប្រវែងប្រមាណ ១៣.៦គីឡូម៉ែត្រ និងខ្សែទី២ តភ្ជាប់ពីឃុំឬស្សីក្រោក ស្រុកមង្គលបូរី ទៅកាន់សង្កាត់កោះពងសត្វ បន្តឆ្ពោះទៅកាន់ទីប្រជុំជនក្រុងសិរីសោភ័ណ ជាគម្រោងរបស់ក្រសួង អភិវឌ្ឍន៍ជនបទ ប្រវែងប្រមាណ៤គីឡូម៉ែត្រ ដែលនឹងចាប់ផ្តើមដំណើរការស្ថាបនាព្រមគ្នា ទៅជាផ្លូវក្រាលកៅស៊ូ DBST ។
គូបញ្ជាក់ថា ដោយគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង ១៣.៦០០ម៉ែត្រ បានរងខូចខាតដោយសាតែបញ្ហាគ្រោះធម្មជាតិ ទឹកជំនន់ បានវាយលុកក្នុង ខេត្តបន្ទាយមានជ័យ កាលពីរដូវស្សាកន្លងទៅ ដែលបានកាត់ផ្តាច់ហេដ្ឋារចនាសម្ព័ន្ធរងការខូចខាត់ជាច្រើនកន្លងទូទាំងខេត្ត និងបានធ្វើឱ្យផ្លូវមួយខ្សែដែលភ្ជាប់ពី សង្កាត់ព្រះពន្លា ទៅសង្កាត់ភ្នៀត កន្លងមកមានភាពពិបាកក្នុងការធ្វើដំណើរ ដោយនៅពេលរដូវវស្សា មានក្រឡុកទឹកដកច្រើន ហើយនៅខែប្រាំងហ៊ុយពិបាកធ្វើដំណើរ។
ដោយមើលឃើញពីបញ្ហានេះ នឹងដោយមានការសំណូមយ៉ាងទទូចពីប្រជាពលរដ្ឋស្នើសុំជួសជុលផ្លូវមួយខ្សែនេះ រដ្ឋបាលខេត្តបានសម្រេចទម្លាក់កញ្ចក់ថវិកា ផ្តល់ជាផ្លូវ ក្រាលកៅស៊ូប្រភេទ DBST ដែលមានទទឹង៥ម៉ែត្រ ជូនប្រជាពលរដ្ឋ ដើម្បីបានងាយស្រួលក្នុងការធ្វើដំណើរទៅមកប្រកបរបបរកស៊ីផ្សេងៗ។ ជាមួយនឹងការ ស្ថាបនាកែលម្អពីផ្លូវដីទៅជាផ្លូវក្រាលកៅស៊ូ DBST មានប្រវែង ១៣,៦គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ ក៏មានគម្រោងសាងសង់ស្ពាន ២កន្លែង និងកែពង្រីកស្ពាន ២កន្លែងទៀតផងដែរ ដែលជាចំណាយគម្រោងរបស់រដ្ឋបាលខេត្ត៕