(បាត់ដំបង)៖ អង្គការមូលនីធិកូរ៉េ ថែទាំសុខភាពអន្តរជាតិ (KOFIH) បានផ្តល់នូវអាគារថ្មី ១ខ្នង ដែលមានទំហំ ១៤ម៉ែត្រ គុណ ៤២ម៉ែត្រ ស្មើនឹង ១២បន្ទប់ ដោយ១បន្ទប់ៗភ្ជាប់ ជាមួយនឹងបន្ទប់ទឹក សម្រាប់រៀបចំទទួលពលកធ្វើចត្តាឡីស័ក នៅក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ ដែលមានទីតាំងស្ថិត នៅក្នុងបរិវេណមណ្ឌលសុខភាពត្រាង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

ពិធីក្រុងពាលីសាងសង់អគារថ្មីមួយនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ក្រោមវត្តមានលោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង និងតំណាងអង្គការមូលនីធិកូរ៉េ KOFIH ផងដែរ។

លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានឲ្យដឹងថា ដោយមានកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ល្អពីអង្គការមូលនីធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ (Korea Foundation for International Healthcare) បានសម្រេចផ្តល់នូវអាគារថ្មី១ខ្នង ដើម្បីជាប្រយោជន៍ក្នុងការថែទាំ ពិនិត្យសុខភាពសាធារណៈ និងព្យាបាលជំងឺទូទៅ ពិសេសសម្រាប់បម្រើការងារចត្តាឡីស័ក យកសំណាកតាមដានសុខភាព ក្នុងអំឡុងស្រុកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកំពុងប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺកូវីដ-១៩។

លោកឱសថបណ្ឌិតបានបន្តថា នេះជាសមិទ្ធិផលជាអាគារថ្មី ដែលបង្កើតឡើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នេះពិតជាបានផ្តល់នូវសារ:ប្រយោជន៍យ៉ាងប្រសើរមួយ សំដៅចូលរួមចំណែកជួយសម្រាលបន្ទុក របស់រដ្ឋបាលខេត្តបាត់ដំបង ក៏ដូចជារាជរដ្ឋាភិបាលក្នុងវិស័យសុខាភិបាល នៅតំបន់ជនបទ។

លោកបន្តថា អគារខាងលើនេះ ពិតជាបានក្លាយជាមណ្ឌលចត្តាឡីស័កយ៉ាងល្អ មានផាសុខភាព ហើយក្រៅពីនេះក៏បានចូលរួមសម្រួលពិនិត្យ និងព្យាបាលជំងឺ របស់ប្រជាពលរដ្ឋជាកសិករ ឬពលករយ៉ាងសំខាន់ ដោយមិនចាំបាច់ឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ មន្ទីរពេទ្យខេត្តនៅទីក្រុង និងមិនចាំបាច់ដឹកជញ្ជូនពលករ មកទីប្រជុំជន ក្រុងបាត់ដំបងឡើយ៕