(ភ្នំពេញ)៖ គ្រូពេទ្យឯកទេសប្រព័ន្ធដង្ហើម និង សួត លោក វ៉ា ម៉េង ដែលកំពុងបំពេញការងារជួយសង្គ្រោះអ្នកជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតថា បានចាត់ទុកការព្យាបាល និងជួយសង្គ្រោះអ្នកជំងឺកូវីដ១៩ គឺជាបេសកកម្មមួយដ៏លំបាក ហើយលោកចាត់ទុកការប្រឹងប្រែងក្នុងការតថ្លៃ និងដណ្តើមជីវិតពីយមរាជ។

លោក វ៉ា ម៉េង បានរៀបរាប់លើហ្វេសប៊ុកនៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយភ្ជាប់ជាមួយរូបភាពអ្នកជំងឺកូវីដ១៩ ដែលមានស្ថានភាពល្អប្រសើរឡើងវិញ ក្រោយការព្យាយាមជួយសង្គ្រោះអស់រយៈជាច្រើនថ្ងៃមកហើយ។ អ្នកជំងឺដែលបង្ហាញនេះ គឺលោកគ្រូពេទ្យ អឹម សុភី អ្នកជំងឺកូវីដ១៩ មកពីខេត្តព្រៃវែង។

គ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩រូបនេះ បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំបាទ និងក្រុមការងារក្នុងមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត បានព្យាយាមតថ្លៃជាមួយយមរាជ ដើម្បីទាញយកជីវិតរបស់លោកគ្រូពេទ្យ អឹម សុភី នៅខេត្តព្រៃវែង និងអ្នកជំងឺជាច្រើន ដែលស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរដែលប្រើម៉ាស៊ីនជំនួយអុកស៊ីសែន ដើម្បីជួយដល់ការដកដង្ហើមរបស់គាត់ និងបានយកជីវិតរបស់គាត់ពីមច្ចុរាជ ហើយក្រុមគ្រូពេទ្យនៅទីនេះបានព្យាយាមអស់ពីលទ្ធភាពហើយ»

បើតាមលោក វ៉ា ម៉េង ក្រោមកិច្ចប្រឹងប្រែងជួយសង្គ្រោះនេះ បានធ្វើឱ្យស្ថានភាពសុខភាពរបស់លោកគ្រូ អឹម សុភី ដែលត្រូវមេរោគកូវីដ១៩ ធ្វើទុក្ខខ្លាំងនោះ ពេលនេះបានល្អប្រសើរច្រើនហើយ។

លោកគ្រូពេទ្យ វ៉ា ម៉េង បានលើកឡើងនៅក្នុងសំណេរបង្ហាញពីបេសកកម្មរបស់ខ្លួនដែរថា អ្វីដែលដែលក្រុមគ្រូពេទ្យត្រូវធ្វើ បានធ្វើអស់ហើយ សង្ឃឹមថាទេវតានឹងតាមថែរក្សារអ្នកជំងឺទាំងបានឆ្លងផុតពីសោទនាកម្មមួយនេះ។

លោក វ៉ា ម៉េង បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីជួយដល់អ្នកជំងឺកូវីដ១៩ថា «អ្នកជំងឺនៅតែបន្តស្លាប់ រីឯគ្រូពេទ្យនៅតែបន្តខិតខំឱ្យអស់ពីលទ្ធភាព ក្នុងការតថ្លៃនឹងយោមរាជ ដើម្បីយកជីវិតពួកគាត់ជូនទៅគ្រួសាររបស់អ្នកជំងឺ»

ក្នុងសំណេរនេះ លោកគ្រូពេទ្យរូបនេះ ក៏បានរៀបរាប់ពីភាពសោកសៅនៃការស្លាប់ដោយសារជំងឺកូវីដ១៩ ជារឿងមួយដែលមិនចង់ឃើញ។ លោកបានលើកឡើងថា «ការបែកបាក់ និងបាត់បង់សមាជិកគ្រួសារមួយដែលមិនអាចសូម្បីតែឃើញមុខជាលើកចុងក្រោយ និងនៅក្បែរដើម្បីបានប៉ះមុខសព្វមុនពេលបូព៍ជាសព្វ ពិតជាពិបាកទទួលយកណាស់ រីឯសាកសព្វ ក៏មិនអាចបញ្ជូនទៅស្រុកកំណើត»

លោករៀបរាប់បន្តថា «អារម្មណ៍មួយនេះខ្ញុំសង្ឃឹមថា បងប្អូនពិតជាមិនចង់ស្គាល់ឡើយ ដូច្នេះសូមបងប្អូនមេត្តាគោរពនូវគោលការណ៍របស់ថ្នាក់ដឹកនាំ ដែលមាន ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន»

មកដល់ពេលនេះកម្ពុជា មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៧នាក់ហើយ ខណៈអ្នកជំងឺពីរនាក់ទៀត ស្លាប់ដោយអាការៈរើថ្នាំញៀន និងឡើងសម្ពាធឈាម។

ទន្ទឹមនឹងការបន្តបេសកកម្មសង្គ្រោះអ្នកជំងឺនៅមន្ទីរពេទ្យ លោក វ៉ា ម៉េង ក៏ដូចជាក្រុមគ្រូពេទ្យនៃមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត បានបួងសួងដល់ទេវតាតាមថែរក្សាប្រជាជនកម្ពុជា និង មនុស្សជាតិទាំងឡាយបានឆ្លងផុតសោកនាដកម្មមួយនេះ ហើយក៏សង្ឃឹមថាគ្រោះកាចមួយនេះនឹងឆាប់រលត់ទៅវិញ៕