(សៀមរាប)៖ នាថ្ងៃទី២៥ ខែមីនា នេះ អាជ្ញាធរស្រុកពួក ដឹកនាំដោយលោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក បានចុះត្រួតពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគតាមលក្ខណៈបច្ចេកទេស ជុំវិញបរិវេណ និងក្នុងផ្សារពួក ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគ COVID-19។
អ្នកជំងឺដំបូងគេក្នុងខេត្តសៀមរាប ដែលឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គឺស្ថិតនៅឃុំសំរោងយា ស្រុកពួក។ បច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
លោក ស៊ិន ចាន់ថុល បាននិយាយថា ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមក អាជ្ញាធរស្រុក បានរៀបចំការផ្សព្វផ្សាយនានាដល់ប្រជាពលរដ្ឋ ឱ្យចេះអនាម័យ ធ្វើយ៉ាងណាបង្ការការរីករាលដាលនៅក្នុងសហគមន៍។
លោកបន្ថែមថា គិតត្រឹមថ្ងៃទី២៥ ខែមីនានេះ ស្រុកពួកពុំទាន់មានករណីឆ្លងថ្មីទៀតនោះទេ គឺមានតែម្នាក់ប៉ុណ្ណោះ ដែលជាស្រ្ដីវិលមកពីធ្វើការនៅខេត្តព្រះសីហនុ ដែលរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី៩ ខែមីនា។
តាមការបញ្ជាក់ពីលោកអភិបាលស្រុកពួក ចំពោះចំនួនពលករដែលវិលត្រឡប់ពីប្រទេសក្រៅ មានសរុបទាំងអស់ជាង ៤ពាន់នាក់ ស្រីជិត ២ពាន់នាក់។ ពួកគេទាំងនោះ ខ្លះកំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌលចំនួន ៥កន្លែងតាមឃុំមួយចំនួន ហើយនៅសល់ជាង ២ពាន់នាក់ទៀត កំពុងបន្តធ្វើចត្តាឡីស័ករហូតដល់កំណត់ ១៤ថ្ងៃ តាមគោលការណ៍របស់ក្រសួងសុខាភិបាល៕