(ភ្នំពេញ)៖ និស្សិតក្រីក្ររៀនពូកកែ នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ចំនួន៦នាក់ និងនិស្សិតនៃសាលាកសិកម្មព្រែកលៀប ចំនួន៤នាក់ ទទួលបានអាហារូបករណ៍សិក្សា ពីសមាគមអតីតនិស្សិតខ្មែរ មកពីប្រទេសជប៉ុន។

ពិធីប្រគល់ និងទទួលអាហារូបករណ៍នេះ រៀបចំឡើងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៥នេះ នាវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ក្រោមវត្តមានចូលរួមពី លោកបណ្ឌិត យ៉ោក សុទ្ធី នាយក NTTI លោកបណ្ឌិត វុទ្ធី មុនីរ័ត្ន ប្រធានសមាគម អតីតនិស្សិតមកពីប្រទេសជប៉ុន, និងសាស្ត្រាចារ្យ និស្សិតជាច្រើននាក់។

មន្ត្រីវិទ្យាស្ថាន NTTI បានបញ្ជាក់ថា និស្សិតរបស់ NTTI ទាំង៦នាក់ ដែលទទួលបានអាហារូបករណ៍ ពីសមាគមនអតីតស្សិត មកពីប្រទេសជប៉ុន រួមមាន១- លោក ស៊ឹម ចាន់ធី សិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិល, ២- លោក សុត សារួន សិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិល, ទី៣-លោក គ្រី ម៉េងលី សិក្សាជំនាញវិស្វកម្មអគ្គិសនី, ទី៤-លោក សួន សុភិរក្ស សិក្សាជំនាញវិស្វកម្មអគ្គិសនី, ទី៥-លោក ឆៀត មួយងីម សិក្សាជំនាញព័ត៌មានវិទ្យា និងទី៦-កញ្ញា ឡេង សុវណ្ណ សិក្សាជំនាញវិស័កម្មអគ្គិសនី។ ពួកគេទាំង៦នាក់ ទទួលបានការសិក្សា ដោយឥតបង់ថ្លៃរយៈពេល១ឆ្នាំពេញ ក្នុងតម្លៃសិក្សា៦០០ដុល្លារក្នុង១ឆ្នាំ  ហើយប្រសិនបើពួកគេនៅតែបន្តរៀនពូកែ ពួកគេទាំងអស់នៅតែបន្តបាន អាហារូបករណ៍នៅឆ្នាំបន្តៗទៀត។
 
មន្ត្រីដដែលបានបញ្ជាក់ទៀតថា ការជ្រើសរើសនិស្សិតអាហារូបករណ៍នេះ សមាគមនអតីតនិស្សិតមកពីប្រទេសជប៉ុន ឈរលើគោលការណ៍ ជានិស្សិតក្រីក្រ រៀនពូកែ មានគំនិតច្នៃប្រឌិត, ជានិស្សិតក្រីក្រ ឆ្នើមក្នុងការសិក្សា, ស្ថានភាពជីវភាពក្រីក្រ និងខ្វះខាតរបស់និស្សិត ដោយមិនកំណត់ចំនួននៃឆ្នាំសិក្សានោះទេ (និស្សិតឆ្នាំទី១, ឆ្នាំទី២, ឆ្នាំទី៣ និងឆ្នាំទី៤ នៅតែអាចទទួលអាហារូបករណ៍នេះបាន) ជាពិសេសការផ្តល់អាហារូបករណ៍នេះមិនកំណត់ចំនួននិស្សិតនោះទេ៕