(សៀមរាប)៖ នៅងៃទី២៥ ខែមីនា នេះ អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ១៩ នៅក្នុងខេត្តសៀមរាប លោក នាក់ ណេរ៉ុន បានចុះពិនិត្យកែសម្រួលការគ្រប់គ្រងអ្នកដំណើរឆ្លងចូលភូមិសាស្រ្ដខេត្តសៀមរាប។ ការចុះពិនិត្យ និងកែសម្រួលនេះ ដើម្បីពង្រឹតការត្រួតពិនិត្យបន្ថែមដល់អ្នកដំណើរ ក្រោយមានអ្នកដំណើរឆ្លងកាត់នាពេលថ្មីៗនេះ មានប្រវត្តិមកពីតំបន់កំពុងផ្ទុះជំងឺកូវីដ១៩ខ្លាំងក្លា។

គោលដៅដែលបានចុះត្រួតពិនិត្យនោះ រួមមានទីតាំងត្រួតពិនិត្យសុខភាពបឋម និងស្គែន QR Code អ្នកដំណើរនៅព្រំប្រទល់ខេត្តកំពង់ធំ និងគោលដៅព្រំប្រទល់ខេត្តបន្ទាយមានជ័យ លើកំណាត់ផ្លូវជាតិលេខ៦។

ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ការងារនេះធ្វើឡើងដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងអ្នកដំណើរឆ្លងកាត់ ឬចូលទឹកដីខេត្តសៀមរាប។ ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសំណូមពរឲ្យរថយន្តឈ្នួល រថយន្តក្រុង និងរថយន្តលក្ខណៈគ្រួសារទាំងអស់បំពេញទម្រង់មុនពេលមកដល់កន្លែងត្រួតពិនិត្យ។ អ្នកបើកបរ និងអ្នកដំណើរទាំងអស់ត្រូវផ្តល់កិច្ចសហការ និងផ្តល់ព័ត៌មានពិត ជៀសវាងការផ្តល់ព័ត៌មានមិនពិត នឹងប្រឈមទទួលខុសត្រូវចំពោះមុខច្បាប់។

សូមជម្រាបថា កិច្ចការងារនេះធ្វើឡើង បន្ទាប់ពីបុរសរស់នៅសង្កាត់គោកចកមួយរូបទៀត មានមុខរបរជាអ្នកបើករថយន្តឈ្នួល ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ១៩។ តាមការរាយការណ៍របស់អាជ្ញាធរ បុរសរូបនេះបានធ្វើដំណើរចេញចូលខេត្តសៀមរាប-ភ្នំពេញ ជាច្រើនដងក្នុងរយៈពេលចុងក្រោយនេះ និងចុងក្រោយបានធ្វើតេស្ដរកឃើញជំងឺនេះនៅព្រឹកថ្ងៃទី២៤ ខែមីនា៕