(ភ្នំពេញ)៖ គ្រូពេទ្យពីររូបបម្រើការងារនៅបន្ទប់ពិគ្រោះព្យាបាលជំងឺ «សាន ភីរ៉ូ» ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ត្រូវបានអះអាងថា កើតជំងឺកូវីដ១៩។ នេះបើយោងតាមការបញ្ជាក់ព័ត៌មានពីអាជ្ញាធរខណ្ឌឫស្សីកែវ។

គ្រូពេទ្យដែលមានអាយុ ២៨ឆ្នាំ និង២៤ឆ្នាំ ម្នាក់ជាបុរស និងម្នាក់ជានារី ត្រូវបានរកឃើញថាកើតជំងឺកូវីដ១៩ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបានចេញចូលរកសេវាព្យាបាលជំងឺនៅបន្ទប់ពិគ្រោះព្យាបាលជំងឺ «សាន ភីរ៉ូ» ដែលមានលេចចេញរោគសញ្ញាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម អាចទៅតេស្តសុខភាពរកមេរោគនៅវិទ្យាល័យ បាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម , មន្ទីរ ពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

ដោយឡែកអ្នកដែលបានចេញចូលទីតាំងខាងលើ ឬប៉ះពាល់ជាមួយគ្រូពេទ្យនៅទីនេះ តែមិនទាន់ចេញរោគសញ្ញា ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ៕