(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ មេសា ដល់ខែ មិថុនា ឆ្នាំ ២០២១។
នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ចេញវិធានការបន្ថែម បន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ពីវិបត្តិនៃជំងឺកូវីដ១៩ (ជុំទី៨) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ។
បើតាមសេចក្តីជូនដំណឹង របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គិតត្រឹមចុងខែមីនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង ២៩០លានដុល្លារអាមេរិក ផ្តល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងកូវីដ១៩។
បើតាមក្រសួងសង្គមកិច្ច កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក្រសួងសង្គមកិច្ច ក៏បានចាប់ផ្តើមដំណើរការ អនុវត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្នបានចំនួន ៤ជុំ មាន៩លើករួចមកហើយ។
សម្រាប់ការបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី៤ លើកទី៣ នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ មានរយៈពេល៣០ថ្ងៃ។
បន្ថែមពីនេះ នៅថ្ងៃទី២៥ ខែមីនានេះ រាជរដ្ឋភិបាលបានបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះរយៈពេល ០៣ ខែបន្ថែមទៀត៕