(ព្រះសីហនុ)៖ រថយន្ត ៣គ្រឿង រួមមានមានរថយន្តកុងតឺន័រ រថយន្តកូរ៉េដឹកគ្រឿងសំណង់ និងរថយន្តដឹកកម្មករ បានបុកបន្តកន្ទុយគ្នានៅលើ ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្រ្តអូរត្រាវ ត្រង់ព្រំប្រទល់ក្រុងព្រះសីហនុ និង ស្រុកព្រៃនប់ បណ្តាលឲ្យកម្មករជាច្រើននាក់បានរងរបួស និងសង្ស័យមានអ្នកស្លាប់ផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៧យប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះ។
យោងតាមសេចក្តីរាយការណ៍បឋមពីអ្នកព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់នេះ មានកម្មករជា ច្រើននាក់ផងដែរ ដែលបានរងរបួស ក្នុងនោះអ្នកបើកបររថយន្តដឹកកម្មករសង្ស័យមានគ្រោះថ្នាក់ដល់អាយុជីវិត។ រថយន្តសង្រ្គោះជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីជួយសង្រ្គោះ។
រីឯស្ថានភាពនៅចរាចរណ៍វិញ ត្រូវបានរាយការណ៍ឲ្យដឹងថា មានការកក់ស្ទះយ៉ាងខ្លាំងនៅកន្លែងកើតហេតុ ដោយសាររថយន្តខ្លះធ្លាក់ ពីលើផ្លូវ ខណៈរថយន្តកុងតឺន័របានរ៉េបាំងកាត់ទទឹងផ្លូវ។ ជាមួយគ្នានេះដែរ សមត្ថកិច្ច បានអំពាវនាវដល់អ្នកដំណើរ ដែលឆ្លងកាត់កន្លែងកើតហេតុ ឲ្យមានការប្រុងប្រយ័ត្ន៕