(មណ្ឌលគិរី)៖ ដីព្រៃមួយកន្លែងគ្រប់គ្រង ដោយរដ្ឋបាលព្រៃឈ ក្នុងឃុំស្រែអំពូមស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី កំពុងរងនូវការឈូសឆាយ យ៉ាងដំណំពីសំណាក់ក្រុមឈ្មួញ ក្លាយជាវាលល្វឹងល្វើយអាជ្ញាធរឃុំស្រុក។ ប៉ុន្តែមន្រ្តីជំនាញព្រៃឈើ និងថ្នាក់ដឹកនាំខេត្តបានអះអាងថា មិនបានដឹងរឿងឡើយ។ ប្រភពបានព័ត៌មានបានឱ្យដឹងថា ទីតាំងដីព្រៃនៅចំណុចភូមិ ពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ដែលក្រុមឈ្មួញបានឈូសឆាយនោះ ត្រូវបានគេអះអាងថា ជនជាតិជប៉ុនជាអ្នកទិញពីប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំខាងលើ។
ប្រភពខ្លះបានអះអាងទៀតថា ដីព្រៃខាងលើ ស្របច្បាប់ដោយមានប្លង់រឹងទៀតផង មានការវាស់វែងពីក្រុមនិស្សិត ដើម្បីដាំម្រេច និងការហ្វេ។ ប៉ុន្តែប្រភពខ្លះទៀតនិយាយថា ដីព្រៃយ៉ាងដូច្នេះ អ្នកណាហ៊ានទៅវាស់វែងចេញប្លង់រឹងឱ្យ។ មហាជននានានៅក្នុងខេត្តស្នើរឱ្យរដ្ឋបាលសាលាខេត្តមណ្ឌលគិរី រួមទាំងជំនាញរដ្ឋបាលព្រៃឈើ តាំងពីខ័ណ្ឌរហូតដល់សង្កាត់ព្រមទាំងអាជ្ញាធរ ភូមិ ឃុំ ស្រុក ជួយស្រាវជ្រាវពិនិត្យមើល ដីព្រៃខាងលើនោះឡើងវិញ។ សូមជំរាបថា ដីព្រៃនៅចំណុចសង្ស័យខាងលើនេះ ហាក់បីកំពុងស្ថិតក្នុងសភាពបិទបាំង ហើយពេលនេះការឈូសឆាយពេលនេះ កំពុងមានសកម្មភាពគគ្រឹក គគ្រេង កាប់អារ រំលំឈើច្រៀកជាចំរៀកៗ ធ្វើបង្គោលដាំម្រេចនិងមួយចំនួនកំពុងប្រមូល ជាគំនរដុតចោល។ លោក ធុយ ប៊ុនលឿន មេឃុំស្រែអំពូម បានឱ្យដឹងនៅរសៀថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះថា នៅទីតាំងដីនៅចំណុចខាងលើ នោះលោកពុំបានដឹងអ្វីទេ ប្រហែលស្មៀនរបស់លោកដឹងរឿងរ៉ាវនេះច្រើនជាងរាល់ឯកសារទិញលក់។
លោកអ៊ំ វណ្ណសុភ័ក្ត នាយផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ និងពេជ្រាដា លោកកំពុងធ្វើការពិនិត្យមើលឯកសារទាក់ទងដីនៅចំណុចនេះហើយ។ លោក វង់ សុកសិរី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី នៅរសៀថ្ងៃនេះដដែល លោកបានប្រាប់ថា ជុំវិញរឿងនេះលោកកំពុងចាត់ឱ្យមន្រ្តីរបស់លោកចុះធ្វើការស្រាវជ្រាវពនិត្យនៅទីតាំងខាងលើនោះហើយ។ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃដដែលនេះថា លោកកំពុងចាត់ចែងឱ្យជំនាញ ស្រាវជ្រាវ ពិនិត្យមើលដីព្រៃទីតាំងខាងលើនោះឱ្យត្រឹម ត្រូវនិងហ្មត់ចត់បំផុត បើសិនជាវាអាចខុសច្បាប់ខេត្ត និងចាត់វិធានការណ៍តាមផ្លូវច្បាប់៕