(ភ្នំពេញ)៖ វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន ប្រមាណជា ១.៥លានដូសនឹងមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ស្អែកនេះ។ វ៉ាក់សាំងស៊ីណូវ៉ាក់នេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលវ៉ាក់សាំងនេះ ខណៈភាគីចិនតំណាងដោយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញប្រគល់វ៉ាក់សាំង។
ពិធីទទួល និងប្រគល់ នឹងធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ កម្ពុជា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ សរុប១,៨៧២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១,០៥៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺចំនួន ៨០៩នាក់។
បច្ចុប្បន្នកម្ពុជាកំពុងធ្វើសកម្មភាពយ៉ាងស្វិតស្វាញប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងសហគមន៍ដែលឱ្យឈ្មោះថា «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមានរយៈពេលជាង ១ខែនេះ មានមនុស្សឆ្លងជំងឺកូវីដ១៩ រហូតដល់ទៅ ១,៣៤៨នាក់។ ក្នុងនោះអ្នកជំងឺ ៧នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែការធ្វើទុក្ខនៃមេរោគកូវីដ១៩ ដោយឡែកអ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ផ្សេងទៀត បានស្លាប់ផងដែរ តែដោយសារអាការៈនៃការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺ។
មកដល់ពេលបច្ចុប្បន្នកម្ពុជា ក៏ដូចជាប្រទេសនៅលើពិភពលោកផងដែរ ក្រៅតែពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយប្រើវិធានសុខាភិបាលទប់ស្កាត់កុំឱ្យឆ្លងហើយនោះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងកូវីដ១៩ គឺជាក្តីសង្ឃឹមមួយសម្រាប់ធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋ ដំណើការសង្គម និងសេដ្ឋកិច្ច អាចមានភាពល្អប្រសើរឡើងវិញ។
កម្ពុជា ក៏ដូចជាប្រទេសលើពិភពលោកដែរ គឺបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វះស្វែងរកវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជា បានទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន២លើករួចមកហើយ ស្មើនឹង ៩២ម៉ឺន៤ពាន់ដូស។ ក្នុងនោះ៦០ម៉ឺនដូស ជាវ៉ាក់សាំងស៊ីណូហ្វាម ជំនួយរបស់រដ្ឋាភិបាលចិន និង ៣២ម៉ឺន ៤ពាន់ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។
តាមរយៈវ៉ាក់សាំងទាំងនេះ កម្ពុជាកំពុងធ្វើសកម្មភាពយ៉ាងសកម្មចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាមុខសញ្ញាបានកំណត់។ គិតត្រឹមថ្ងៃទី២៤ ខែមីនា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានសរុបជាង ៣៤ម៉ឺននាក់ហើយ។
កម្ពុជាមានគម្រោងចាក់ប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង ១០លាននាក់។ ដើម្បីសម្រេចផែនការនេះ កម្ពុជាបានដាក់ចេញផែនការ និងកំពុងស្វះស្វែងរកវ៉ាក់សាំងជាបន្តបន្ទាប់ទៀតតាមរយៈប្រទេសជាមិត្ត និងតាមរយៈយន្តការខូវ៉ាក់។
តាមការគ្រោងទុកវ៉ាក់សាំងស៊ីណូហ្វាមដែលជាជំនួយរបស់រដ្ឋាភិបាលចិន ប្រមាណជា ៧០ម៉ឺនដូសទៀត (៣០ម៉ឺនដូសសម្រាប់ក្រសួងការពារជាតិ និង៤០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល) នឹងមកដល់កម្ពុជានាពេលខាងមុខនេះ។ តាមរយៈវត្តមានវ៉ាក់សាំងជាបន្តបន្ទាប់នេះ គេរំពឹងថា នឹងធ្វើឱ្យពលរដ្ឋកម្ពុជាទទួលវ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ១៩ បន្ថែមមួយកម្រិតទៀត ហើយក៏រំពឹងថា នឹងរួមចំណែកធ្វើឱ្យកម្ពុជាទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕