(ភ្នំពេញ)៖ គិតត្រឹមចុងខែមីនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង ២៩០លានដុល្លារអាមេរិក ផ្តល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងកូវីដ១៩។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
បើតាមក្រសួងសង្គមកិច្ច កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក្រសួងសង្គមកិច្ច ក៏បានចាប់ផ្តើមដំណើរការ អនុវត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្នបានចំនួន ៤ជុំ មាន៩លើករួចមកហើយ។
ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសង្គមកិច្ច បានចាយអស់ទឹកប្រាក់ជាង ១,០៤៤ប៊ីលានរៀល ស្មើនឹងប្រមាណ ២៦១លានដុល្លារអាមេរិក។
សម្រាប់លទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ សម្រាប់ជុំទី៤ លើកទី២ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ ថ្ងៃទី២៤ មីនា ឆ្នាំ២០២១ មានគ្រួសារដែលទទួលសេវាឧបត្ថម្ភមានចំនួន ៦៩២,០៩២នាក់ ខណៈទឹកប្រាក់សរុបអស់ ១២២,៦៧៧,៣៩២,០០០ រៀល ស្មើនឹងប្រមាណ ៣០លានដុល្លារអាមេរិក។
ក្រសួងសង្គមកិច្ចបន្ថែមថា សម្រាប់ការបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី៤ លើកទី៣ នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ មានរយៈពេល៣០ថ្ងៃ៕