(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ផ្កាយ៣ រ៉ុន រ័ត្នវាសនា នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ បានថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News នៅព្រលប់នេះថា នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ នគរបាលដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿង ស្រវឹងចំនួន៥ គោលដៅ នៅរាជធានីភ្នំពេញ និង ២ទីតាំងនៅជាយរាជធានីភ្នំពេញ ហើយនៅតាមខេត្តមួយចំនួនទៀត ដើម្បីសុវត្ថិភាពចរា ចរណ៍ របស់ប្រជាពលរដ្ឋ ចាប់ពីម៉ោង ៩យប់ដល់ ម៉ោង ៣ទៀបភ្លឺ។
ប៉ុស្តិ៍ត្រួតពិនិត្យ ៥ទីតាំង ដែលស្ថិតនៅរាជធានីភ្នំពេញ មានដូចជា ខណ្ឌមានជ័យ ខណ្ឌ ច្បារអំពៅ ខណ្ឌឫស្សីកែវ ខណ្ឌទួលគោក ខណ្ឌពោធិ៍សែនជ័យ។ ចំណែកនៅតំបន់ជាយក្រុងកម្លាំងសមត្ថកិច្ច នឹងត្រួតពិនិត្យ នៅតាមបណ្តោយផ្លូវជាតិលេខ៤ និង ផ្លូវជាតិ លេខ៥។
ក្រៅពីនោះកម្លាំងសមត្ថកិច្ច ក៏បានពង្រាយកម្លាំងបន្ថែម តាមបណ្តាខេត្តមួយចំនួនផងដែរ ដោយដាក់ពង្រាយតាមគោលដៅផ្សេងៗ គ្នា ដើម្បីត្រួតពិនិត្យគ្រឿងស្រវឹង។ បើតាមមន្រ្តីនគរបាល នៅខេត្តតាកែវ ដាក់ ៥គោលដៅ មាននៅក្រុងដូនកែវ ស្រុកគិរីវង់ ស្រុកត្រាំកក់ ស្រុកបាទី និងស្រុកព្រៃកប្បាស រីឯខេត្តព្រះសីហនុ ១គោលដៅ។
កងកម្លាំងសមត្ថកិច្ច បានអំពាវនាវឲ្យប្រជាពលរដ្ឋ កុំបើកបរពេលស្រវឹង និង គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាពជាចម្បង៕