(ភ្នំពេញ)៖ បន្ទាប់ពីក្រុមការងារជំនាញ បញ្ចប់ការសិក្សាពីបទដ្ឋានបច្ចេកទេស នៃសំណង់ និងស្ថានភាពភូមិសាស្ត្រ នៅតាមបណ្តោយច្រាំងទន្លេបាសាក់ ត្រើយខាងកើត ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ទៅដល់តំបន់អភិវឌ្ឍន៍កោះនរា ស្ថិតក្នុងសង្កាត់ និរោធរួចមក ឥឡូវនេះក្រុមការងារជំនាញរបស់សាលារាជធានីភ្នំពេញ និងខណ្ឌច្បារអំពៅ បានចាប់ផ្តើមចុះបោះបង្គោលកំណត់ទីតាំងគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើតអំពីបេតុងហើយ។
ដើម្បីបង្កលក្ខណៈងាយស្រួលដល់ ក្រុមការងារបច្ចេកទេស លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចេញសេចក្តីជូនដំណឹងដល់អ្នកពាក់ព័ន្ធទីតាំង ដីចំណីទន្លេបាសាក់ត្រើយខាងកើត ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ទៅដល់តំបន់អភិវឌ្ឍន៍កោះនរាថា នាពេលខាងមុខរដ្ឋបាលរាជធានីភ្នំពេញ និងអនុវត្តគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើតអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ទៅដល់តំបន់អភិវឌ្ឍន៍កោះនរា ស្ថិតក្នុងសង្កាត់និរោធ។
ដូចនេះដើម្បីឲ្យដំណើរការ នៃការអនុវត្តគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេ បានរលូន និងមានប្រសិទ្ធិភាព រដ្ឋបាលខណ្ឌស្នើអ្នកពាក់ព័ន្ធ ទីតាំងដីចំណីទន្លេទាំងអស់ខាងលើ ត្រូវចូលរួមសហការជាមួយក្រុមការងារ ចុះបោះបង្គោលព្រំតាមនិយាមការ នៃគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ទៅដល់តំបន់អភិវឌ្ឍន៍កោះនរា ស្ថិតក្នុងសង្កាត់និរោធ ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ការងារបោះបង្គោលព្រំ នៃគម្រោងត្រូវបានបញ្ចប់ជាស្ថាបពរ។
ជាមួយគ្នានេះដែរ រដ្ឋបាលខណ្ឌ ក៏បានអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធដីចំណីទន្លេក្នុងភូមិសាស្ត្រខាងលើ ត្រូវចូលរួមសហការជាមួយ ក្រុមការងាររបស់រដ្ឋបាលខណ្ឌ ក្នុងការបោះបង្គោល ក៏ដូចជាចូលរួមថែរក្សាការពារ បង្គោលព្រំដែលក្រុមការងារបានបោះរួច។ ករណីបុគ្គលណាមួយបំពានដក ឬបំផ្លិចបំផ្លាញបង្គោលដែលបោះរួចហើយ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានលើកលែង។
បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹង ក្រុមការងារចុះទៅបោះបង្គោលព្រំតាមនិយាមការនៃគម្រោង ស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់អំពីបេតុង ព្រមទាំងចែកសេចក្តីជូនដំណឹង ដល់អ្នកពាក់ព័ន្ធទីតាំងដីចំណីទន្លេ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្ត៕