(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងស្នើទៅកាន់ធនាគារពិភពលោក ចំនួន៣ចំណុច ដើម្បីពិនិត្យពិចារណាលើទិដ្ឋភាពសំខាន់ សម្រាប់ជាមូលដ្ឋាននៃការរៀបចំផែនការ និងទិសដៅកិច្ចសហប្រតិបត្តិការទៅមុខជាមួយកម្ពុជា ពេលកំពុងជួបវិបត្តិកូវីដ-១៩ ព្រមទាំងកំពុងរៀបចំខ្លួន ក្នុងការស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញក្រោយវិបត្តិនេះ។
ការស្នើដូចនេះ បានលើកឡើងនៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកស្រី វិចតូរីយ៉ា ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោក (WB) តាមប្រព័ន្ធវីដេអូ តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតប ទៅនឹងជំងឺកូវីដ-១៩, ផែនការស្តារសេដ្ឋកិច្ចឡើងវិញ, វឌ្ឍនភាព និងទិសដៅនៃកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក។
លោក វង្សី វិស្សុត បានស្នើសុំឱ្យធនាគារពិភពលោក ៣ចំណុចរួមមាន៖
១៖ ពិនិត្យ និងពិចារណាកែសម្រួលឡើងវិញ លើលក្ខខណ្ឌឥណទាន ដើម្បីឱ្យកម្ពុជា មានលទ្ធភាពទទួលបាននូវហិរញ្ញប្បទាន ដែលមានកម្រិតសម្បទានខ្ពស់,
២៖ កៀរគរហិរញ្ញប្បទានឥតសំណងឱ្យដល់កម្ពុជា ធ្វើយ៉ាងណាឱ្យធាតុអំណោយ (Grant Element) របស់គម្រោងនីមួយៗ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ នៃការគ្រប់គ្រងបំណុលរបស់រាជរដ្ឋាភិបាល
ទី៣៖ បង្កើនគុណភាពនៃគម្រោងវិនិយោគហិញ្ញប្បទាន ដោយធនាគារពិភពលោក ឱ្យកាន់តែប្រសើរ និងកាន់តែឆ្លើយតបជាងបច្ចុប្បន្ន។
លោក វង្សី វិស្សុត ក៏បានប្រាប់លោកស្រី វិចតូរីយ៉ា ខ្វាខ្វា ឱ្យដឹងដែរថា នៅចំពោះមុខនៃវិបត្តិជំងឺកូវីដ១៩ ដែលមិនធ្លាប់មានពីមុនមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តោត លើអាទិភាព០៤ រួមមាន៖ ការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លង និងការពារអាយុជីវិតរបស់ប្រជាជន, ការរក្សាលំនឹងជីវភាពប្រជាជនពិសេស សម្រាប់ប្រជាជនក្រីក្រក្រុមជនងាយរងគ្រោះ និងអ្នកបាត់បង់ការងារ, ការខិតខំជួយឱ្យអស់លទ្ធភាព ដើម្បីជួយឱ្យធុរកិច្ច និងអាជីវកម្មអាចរស់បាន និងរក្សាការងារ ពិសេសការរក្សា និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក, ការរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពសង្គម និងស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
នៅក្នុងក្របខណ្ឌនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់០៧ជុំ រួចហើយ តាមរយៈការអនុគ្រោះពន្ធ និងការលើកលែងពន្ធ, ការអនុគ្រោះការ បង់ប្រាក់វិភាគទាន ធានារ៉ាប់រង របបហានិភ័យការងារ និងការថែទាំសុខភាព និងការពន្យារការបង់កាតព្វកិច្ចរបបសន្តិសុខសង្គម, ការបង្កើតឧបករណ៍ ហិរញ្ញប្បទានបន្ថែម, ការឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ, កម្មវិធីសាច់ប្រាក់ពលកម្ម និងការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករ-និយោជិត និងការរៀបចំវគ្គបណ្តុះបណ្តាល ដល់កម្មករ-និយោជិត ទាំងជំនាញទន់ និងជំនាញបច្ចេកទេស ព្រមទាំងវិធានការផ្សេងៗទៀត គួបផ្សំនឹងវិធានការ រូបិយវត្ថុ ដែលដាក់ចេញដោយធនាគារជាតិនៃកម្ពុជា ដូចជាការកែសម្រួលលក្ខខណ្ឌឥណទាន និងការបង្កើនសន្ទនីយភាព នៅលើទីផ្សារជាដើម។
លោកបានបន្តថា ក្រៅពីការអនុវត្តនូវកម្មវិធីសាច់ប្រាក់ពលកម្ម ដែលបានជួយស្រូបយកកម្លាំងពលកម្មដែលបាត់បង់ការងារ និងវិលត្រឡប់ពីបរទេស និងបានជួយបង្កើត នូវសមិទ្ធផលសង្គម-សេដ្ឋកិច្ចនៅតាមជនបទ, រាជរដ្ឋាភិបាលក៏បានអនុវត្តប្រកបដោយភាពជោគជ័យ នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ គិតមកទល់នឹងពេលនេះរាជរដ្ឋាភិបាលបានបញ្ចេញទឹកប្រាក់សរុប ប្រមាណជាង ២៦០លានដុល្លារអាមេរិក តាមប្រព័ន្ធធនាគារ ដោយមានប្រជាពលរដ្ឋជាអ្នកទទួលផលប្រមាណជាង ២.៧លាននាក់។
ជាមួយគ្នានោះដែរលោក វង្សី វិស្សុត ក៏បានបង្ហាញអំពីទស្សនវិស័យរួមនៃផែនការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ដែលនឹងផ្តោតលើ ៖
* ទី១៖ ជំរុញសេដ្ឋកិច្ចឱ្យស្ថិតនៅលើគន្លងនៃកំណើនឡើងវិញ ដោយត្រូវជំរុញការបង្កើនសកម្មភាពសេដ្ឋកិច្ច ជាពិសេសធុរកិច្ចថ្មីៗ និងសហគ្រាសធុនតូច និងមធ្យម ដែលត្រូវបានចាត់ទុកជាប្រភពដ៏មានសក្តានុពល ក្នុងការបង្កើតការងារសម្រាប់ប្រជាជន និងអាចស្រូបយកកម្លាំងពលកម្មបានច្រើន។ ទន្ទឹមនេះត្រូវបន្តធ្វើកែទម្រង់ រចនាសម្ព័ន្ធដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងធ្វើពិពិធកម្មសេដ្ឋកិច្ច។
* ទី២៖ បន្តគាំទ្រដល់ការអនុវត្តកម្មវិធីគាំពារសង្គមឱ្យកាន់តែរឹងមាំ និងអាចធន់ទ្រាំទប់ទល់ទៅនឹងរាល់វិបត្តិនានា ដើម្បីគាំពារប្រជាជនក្រីក្រ, ជនងាយរងគ្រោះ, អ្នកគ្មានការងារធ្វើអាចរស់នៅបានសមរម្យក្នុង ពេលមានវិបត្តិ និងរំដោះខ្លួនចេញពីភាពក្រីក្រនៅក្រោយវិបត្តិ
* ទី៣៖ ជំរុញការអភិវឌ្ឍធនធានមនុស្ស តាមរយៈការអប់រំ បច្ចេកទេស និងជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ
* ទី៤៖ ពង្រឹងអភិបាលកិច្ចស្ថាប័ន សាធារណៈឱ្យកាន់តែរឹងមាំ ឆ្លាតវៃ ស្អាតស្អំ
* ទី៥៖ លើកកម្ពស់គុណភាពនៃការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ប្រកបដោយភាពធន់ទ្រាំ នឹងបម្រែបម្រួលបរិស្ថាន ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច ដោយចីរភាព ដែលមានការចូលរួមពីរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា។
ជាការឆ្លើយតបលោកស្រី វិចតូរីយ៉ា ខ្វាខ្វា ក៏បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ពិសេសការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលអាចចងក្រងទុកជាឯកសារ និងចែករំលែកជាបទពិសោធន៍ ជូនទៅបណ្តាប្រទេសនានា។
លោកស្រី វិចតូរីយ៉ា ខ្វាខ្វា បានបន្ថែមថា ឆ្លើយតបទៅនឹងសំណើខាងលើ ធនាគារពិភពលោក នឹងធ្វើការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរកចម្លើយ ដ៏សមស្របណាមួយសម្រាប់កម្ពុជា ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរឹងមាំ៕