(ភ្នំពេញ)៖ លោកស្រី អាន ផល្លា ជាពិសី ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ បានបន្តជំរុញឲ្យប្រជាពលរដ្ឋ ធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តវិធានការ «៣ការពារ-៣កុំ និង២ចូលរួម» នៃក្រសួងសុខាភិបាល ដែលជាសារដឹកនាំផ្ដាំផ្ញើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ការជំរុញបែបនេះ របស់លោកស្រី អាន ផល្លា ជាពិសី បានធ្វើឡើងក្នុងពេលលោកស្រី និងលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ ដឹកនាំក្រុមការងារចុះចែកស្បៀងអាហារជូនប្រជាពលរដ្ឋ ចំនួន១៤២គ្រួសារ ពាក់ព័ន្ធការឆ្លងជំងឺកូវីដ-១៩ នៃព្រត្តិការណ៍សហគមន៍២០កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័កតាមលំនៅដ្ឋាន ស្ថិតនៅសង្កាត់ទួលសង្កែទី១, សង្កាត់ឫស្សីកែវ, និងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ។
ក្នុងសកម្មភាពមនុស្សធម៌នេះ លោកស្រី អាន ផល្លា ជា ពិសី បានបន្តជំរុញឲ្យប្រជាពលរដ្ឋ ធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីទប់ស្កាត់ការរីករាលដាល ឆ្លងជំងឺកូវីដ-១៩ ដែលជាការផ្ដាំផ្ញើរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសជាសារដឹកនាំផ្ដាំផ្ញើពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៃការអនុវត្តវិធានការ «៣ការពារ-៣កុំ និង២ចូលរួម»។
ក្នុងនោះរួមមាន ៣ការពារគឺ ការពាក់ម៉ាស់ ការលាងដៃនឹងអាកុល ឬជែល និងការរក្សាគម្លាតសង្គមចាប់ពី ១ម៉ែត្រកន្លះឡើងទៅ។ ៣កុំគឺ កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ឬកន្លែងម៉ាស៊ីនត្រជាក់ កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ និងកុំប៉ពាល់គ្នា (គ្រប់រូបភាព)។ ២ចូលរួមគឺ ការចូលរួមស្កេន ឃ្យូអរកូដ និងការចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលវិធានទាំងអស់នេះជាឱសថទិព្វ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ហើយក៏ជាអាវុធដើម្បីបញ្ចប់ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) ឲ្យផុតរលត់ឆាប់ៗ៕