(កំពង់ឆ្នាំង)៖ អនុវត្តតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា វត្តអារាមទូទាំងខេត្តកំពង់ឆ្នាំង បានចូលរួមវាយគង ជួង រគាំ ង ទូងស្គរ មួយថ្ងៃ៥ដង ជាសាររំលឹកពលដល់ពលរដ្ឋឱ្យចូលរួមប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩។
ជាក់ស្តែងនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៧៖៣០នាទី វត្តទួលមេត្រី ហៅ «វត្តអាឡែង» ដែលវត្តនេះស្ថិតនៅក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ព្រះសង្ឃគណៈកម្មាការអាចារ្យវត្តអាជ្ញាធរមូល ដ្ឋាន សមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋ បានចូលរួមវាយគង ជួង រគាំង ទូងស្គរ និងចម្រើនព្រះបរិត្ត ដើម្បីចូលរួមទប់ ស្កាត់ ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០កុម្ភៈ។
ព្រះសង្ឃព្រះនាម ទិល សារ៉ាន់ ព្រះគ្រូចៅអធិការវត្ត ទួលមេត្រី បានមានសង្ឃដីកាឲ្យអង្គភាពព័ត៌មាន Fresh News ដឹងថា ការអនុវត្តសកម្មភាពខាងលើ ធ្វើឡើងដោយយោងតាមអនុសាសន៍ណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន និងយោងតាមសារាចរណែនាំ របស់ក្រសួងធម្មការ និងសាសនា ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២ ១ ដែលបានណែនាំដល់គ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេសឲ្យវាយគង ជួង រគាំង ទូងស្គរ ព្រមគ្នាមួយថ្ងៃ៥ ដង ជាសញ្ញាផ្សព្វផ្សាយព័ត៌មាន ដល់ប្រជាពុទ្ធបរិស័ទឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តវិធានការការពារ របស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិ បាល ការវាយជួង រគាំង ទូងស្គរនេះ ត្រូវធ្វើឡើងរហូតចប់ព្រឹត្តិការណ៍ ២០កុម្ភៈ។
ដោយឡែកលោក សាំង សឿន អាជ្ញាធរភូមិអាឡែង ខណៈដែលលោកបានមកចូលរួមក្នុងវត្តទួលមេត្រី ដែរនោះ បានបង្ហាញការគាំទ្រពេញទំហឹងជាមួយរាជរដ្ឋាភិបាល ដែលបានណែនាំដល់បណ្ដាវត្ត នៅទូទាំងប្រទេសកម្ពុជា ឲ្យវាយគង ជួង រគាំង ទូងស្គរ និងចម្រើនព្រះបរិត្ត ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ នាពេលនេះ។ លោកចាត់ទុកថា ជាការពញ្ញាក់អារម្មណ៍ប្រជាពលរដ្ឋឲ្យភ្ញាក់រលឹកឡើងបានមួយកម្រិតទៀត ក្នុងការចេះការពារខ្លួនឲ្យរួចផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះផងដែរ។
សូមជម្រាបថា សម្តចតេជោ ហ៊ុន សែន បានណែនាំឱ្យគ្រប់វត្តអារាមនៅទូទាំងប្រទេសវាយគង ជួង រគាំងទូងស្គរ មួយថ្ងៃ៥ដង ដើម្បីជាសាររំលឹកដល់ប្រជាពលរដ្ឋឱ្យចូល រួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។ ការណែនាំនេះ ត្រូវបានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង ចេញសារាចរ ណែនាំដល់តាមបណ្តាវត្តអារ៉ាមទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវអនុវត្តតាមការណែនាំខាងលើនេះដោយ
វាយគង ជួង រគាំង ទូងស្គរនេះ ធ្វើឡើងនៅម៉ោង៥ព្រឹក, ម៉ោង ១១ព្រឹក, ម៉ោង ២រសៀល, ម៉ោង៥ល្ងាច និងម៉ោង ៨យប់។
ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដល់វត្តអារាមនៅទូទាំងប្រទេសឲ្យចូលរួមអនុវត្តដូចខាងលើនេះ ដោយសារតែប្រទេសកម្ពុជា កំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាព្រឹត្តិការណ៍សហគ មន៍២០កុម្ភៈ។ ហេតុនេះប្រជាពលរដ្ឋគ្រប់រូបត្រូវតែភ្ញាក់រលឹក នឹងអនុវត្តតាមសម្ដេចតេជោ នូវវិធាន «៣ការពារ និង៣កុំ» ឲ្យបានទាំងអស់គ្នា។
៣ការពារមានន័យថា៖ ១, ពាក់ម៉ាស់ ២,លាងដៃ ៣,គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល (ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ឲ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឲ្យ បានគ្រប់គ្នា)។ ចំណុច ៣ការពារនេះសំខាន់ខ្លាំងណាស់ ទើបអាចយកឈ្នះលើជំងឺកូវីដ១៩ បានដោយជោគជ័យ។ ចំណែកឯ ៣កុំ មានន័យថា៖ ១, កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងកុំប្រើម៉ាស៉ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ២, កុំទៅកន្លែងមនុស្សច្រើនកុះករ ៣, កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម៕