Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យក្រសួងធម្មការ ចេញមកបញ្ជាក់រឿងស្រះទឹកទន្លេ វត្តគោកបញ្ជាន់ ត្រូវបានថែរក្សាជាសម្បត្តិគរុភណ្ឌ

01-03-2016 18:32

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ បានចេញមកបញ្ជាក់យ៉ាងច្បាស់ថា សម្រាប់ស្រះទឹកទន្លេនៅវត្តគោកបញ្ជាន់ ត្រូវបានក្រសួងធម្មការក្រោមការដឹកនាំពីលោក រដ្ឋមន្រ្តី​ មិន ឃិន សម្រេចទុកជាគរុភណ្ឌមិនឲ្យមានការដោះដូរ ឫលក់នោះឡើយ ហើយក៏គ្មានការដោះដូរដូចការលើកឡើងមួយចំនួននោះទេ។

លោក សេង សុមុនី បានបញ្ជាក់ថា «សូមគោរពជម្រាបជូនដំណឹង ដល់សាធារណជនឲ្យបានជ្រាបថា ករណីវត្តគោគបញ្ជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលបានផ្សព្វផ្សាយថា មានការលក់ស្រះវត្ត ក្នុងតម្លៃរាប់លានដុល្លារនោះ តាមការចុះស្រាវជ្រាវដល់ទីកន្លែង និងសាកសួរព័ត៌មានពី ប្រភពជាក់លាក់ជាច្រើនបានឲ្យដឹងថា ជាការមិនពិតទេ គឺមានការយល់ច្រឡំដោយហេតុថា កន្លងមកមានក្រុមហ៊ុន១ ចង់អភិវឌ្ឍនៅក្បែរទីតាំងស្រះទឹករបស់វត្តដូច្នេះ ព្រះសង្ឃ និងពុទ្ធបរិស័ទ បានប្រជុំគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យគេវាយតម្លៃ ពុំទាន់បានសិក្សាគម្រោងនៅឡើយទេ ទើបតែពិភាក្សាតែប៉ុណ្ណោះ ក៏មានបុគ្គល ១ក្រុម មកបំផុសបំផុលប្រជាពលរដ្ឋឲ្យតវ៉ាធ្វើបាតុកម្មតែម្តង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សារព័ត៌មាននានាតែម្តង»។

លោកថា ឃើញហេតុការណ៍នេះភ្លាម អាជ្ញាធរដែនដី និងស្ថាបន័ពាក់ព័ន្ធ ក្នុងនោះមានក្រសួងធម្មការ និងសាសនាផងដែរ បានចុះទៅសម្របសម្រួលភ្លាមៗ និងបានធានាការពារស្រះនេះ មិនឲ្យបាត់បង់ទេ ប្រជាពុទ្ធបរិស័ទ ក៏បានស្ងប់រម្ងាប់ចិត្តរង់ចាំការបំភ្លឺ ជាក់លាក់ពីអាជ្ញាធរ និងស្ថាបន័ពាក់ព័ន្ធ»។

បើតាមលោកអ្នកនាំពាក្យ មកដល់ពេលនេះសូមព្រះសង្ឃ ប្រជាពលរដ្ឋ ទាំងអស់មេត្តាជ្រាបថា ស្រះទឹកវត្តគោគបញ្ជាន់ មិនបានបាត់បង់ទេ នៅដដែលជាសម្បត្តិគរុភណ្ឌវត្តតែម្តង។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅសង្កាត់ចោមចៅ បានចោទប្រកាន់ព្រះចៅអធិការវត្ត ព្រះនាម សេង ថន ថាបានឃុបឃិតជាមួយអាជ្ញាធរលក់ស្រះទន្លេប្រមាណ៥ហិចតា តែចំពោះបញ្ហានេះត្រូវបានដោះស្រាយបញ្ចប់ហើយ នៅថ្ងៃម្សិលមិញក្រោមវត្តមាន លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌជាអ្នកសម្របសម្រួល៕