(ភ្នំពេញ)៖ លោក Ivo Sieber ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅកម្ពុជា បានប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងជំរុញឲ្យមានការវិនិយោគពីប្រទេស ស្វីស មកកាន់កម្ពុជា ឲ្យបានកាន់តែច្រើនបន្ថែមទៀត គ្រាដែលទំហំពាណិជ្ជកម្មរវាងកម្ពុជា-ស្វីស មានការធ្លាក់ចុះច្រើននៅក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការប្តេជ្ញាជំរុញការវិនិយោគរបស់លោក Ivo Sieber បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពា ណិជ្ជ លោក ស៊ុន ចាន់ថុល នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ ជំនួបនេះ ក៏មានការចូលរួមពីលោកស្រី Rahel Boesch ទីប្រឹក្សាអភិវឌ្ឍន៍ និងជានាយក នៃទីភ្នាក់ងារសហប្រតិបត្តិការស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិ ការ (SDC) ប្រចាំរាជធានីភ្នំពេញ លោក Simon Kuersener លេខាទីពីរស្ថានទូតស្វីស និងលោកស្រី Va Ros មន្ត្រីកម្មវិធីនៅ SD C ផងដែរ។
ជំនួបនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ ចំពោះឯកអគ្គរដ្ឋទូត ដែលបានបន្តគាំទ្រ និង សហការរវាងកម្ពុជា និង ស្វីស។ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងកំណែទម្រង់ និងសកម្មភាពថ្មីៗ របស់ក្រសួងពាណិជ្ជកម្ម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ។
លោក ស៊ុន ចាន់ថុល ក៏បានស្នើឲ្យឯកអគ្គរដ្ឋទូតស្វីស ជួយគាំទ្រដល់កម្មវិធីកសាងសមត្ថភាពរបស់មន្ត្រីក្រសួង និង ជួយស្វែងរក មធ្យោបាយពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយលោករដ្ឋមន្រ្តី ក៏ចង់ឃើញវត្តមានក្រុមហ៊ុនធំៗ របស់ស្វីស បង្ហាញវត្ត មាននៅកម្ពុជាផងដែរ។
ក្នុងជំនួបនេះលោកឯកអគ្គរដ្ឋទូត Sieber បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីជំរុញលើកទឹកចិត្តឲ្យមានការវិនិយោគបន្ថែមពី ស្វីស មកកាន់កម្ពុជា។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក កែន រដ្ឋា បានប្រាប់ Fresh News ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយស្វីស មានការកើន ឡើងដល់ប្រមាណ ១៣៤លានដុល្លារ កាលពីឆ្នាំ២០១០-២០១២ តែបែរជាធ្លាក់មកនៅត្រឹមជាង ៣០លានដុល្លារ ចាប់ពីឆ្នាំ២០១៣ -២០១៤។
លោក កែន រដ្ឋា បានឲ្យដឹងថា ទំនិញ ដែលកម្ពុជា នាំទៅស្វីសរួមមាន សម្លៀកបំពាក់ ផលិតផលវេយណភណ្ឌ និងចំណីសត្វជាដើម រីឯស្វីសវិញ បាននាំមកកម្ពុជានូវ ថ្នាំពេទ្យ និងគ្រឿងបរិក្ខាវេជ្ជសាស្រ្តផ្សេងៗ។
បើតាមលោក កែន រដ្ឋា នៅក្នុងជំនួបនាព្រឹកមិញ ឯកអគ្គរដ្ឋទូតស្វីស បានជម្រាបជូនទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពីគម្រោងនានា ដែលគាំទ្រដោយរដ្ឋាភិបាលស្វីសនៅកម្ពុជា ពិសេសនៅតាមបណ្តាខេត្ត និងតំបន់មួយចំនួនទៀតដូចជា៖ គម្រោងទាក់ទងនឹងវិស័យ ទេសចរណ៍ កសិកម្ម ជលផល និង ការកសាងសមត្ថភាពក្នុងការគាំទ្រដល់ស្រ្តីលើមុខជំនួញនានា។
លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបញ្ចប់ឲ្យបានរួចរាល់នូវការរៀបចំក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ស្វីស ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕