(ភ្នំពេញ)៖ របាយការណ៍រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា រយៈពេលពីរថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនមនុស្សវ័យ៦០ឆ្នាំឡើង ក្នុងរាជធានីភ្នំពេញ ចាក់បានជិត ១ម៉ឺននាក់។
យោងតាមរបាយការណ៍ដែល Fresh News ទទួលបាននៅព្រលប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែមីនា ដែលជាថ្ងៃចាប់ផ្តើមយុទ្ធនាការចាក់បាន ៤,៤១៧នាក់ និងថ្ងៃទី២៤ ខែមីនា ចាក់បាន ៥,០០៦នាក់។
សូមបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានចាប់ផ្តើយុទ្ធនាការ ១៥ថ្ងៃនៃការចាក់វ៉ាក់សាំងកូវីដ១៩ អាស្ត្រាហ្សេនីកា ជូនប្រជាពលរដ្ឋអាយុចាប់ពី៦០ឆ្នាំឡើង នៅក្នុងរាជធានីភ្នំពេញ។
ការចាក់វ៉ាក់សាំងនេះ ធ្វើឡើងនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អកនៅក្នុងខណ្ឌទាំង ១៤ក្នុងរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំង ត្រូវបានរៀបចំ និងសម្របសម្រួលដោយអាជ្ញាធរនៅភូមិ និងសង្កាត់នីមួយៗ ដែលបង្កភាពងាយស្រួលដល់ការចាក់ផងដែរ។
ប្រជាពលរដ្ឋវ័យចំណាស់ ដែលបានទៅចាក់វ៉ាក់សាំង បានបង្ហាញអារម្មណ៍រីករាយ និងបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋធ្វើជាអាវក្រោះការពារជំងឺកូវីដ១៩៕