(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានរកឃើញបុរសម្នាក់ដែលជាអ្នកប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ដទៃទៀតនៅរាជធានីភ្នំពេញ ហើយបានចាត់វិធានការស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្តបន្ទាប់ទៀត ចំនួន៨៤នាក់ ដើម្បីនាំមកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ខណៈមនុស្សមួយចំនួនទៀតក៏កំពុងដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីអ្នកទៃផងដែរ។
តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង ដែលបានចេញផ្សាយនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តបានចាត់ក្រុមការងារ «អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង» ចុះស្រាវជ្រាវជាបន្ទាន់ ដោយបានដឹងថា បុរសរូបនោះបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ នៅក្រុមហ៊ុនឯកជនមួយកន្លែងនៅរាជធានីភ្នំពេញ ហើយបានធ្វើដំណើរតាមរថយន្តឈ្នួលមកផ្ទះនៅភូមិបន្លាស្អិត ឃុំត្រេស ស្រុកចន្ទ្រា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ដែលមានសមាជិកគ្រួសារចំនួន ៣នាក់។
ក្រុមការងារបានបន្តរកឃើញអ្នកប៉ះពាល់ដោយប្រយោលចំនួន ៨៤នាក់ ជាមួយបុរសខាងលើ និងបានយកសំណាករបស់ពួកគេទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ ដោយឡែក អ្នកប៉ះពាល់ដោយប្រយោលក្នុងក្រុមគ្រួសារ មានម្តាយ ប្រពន្ធ និងស្ត្រីជាបងថ្លៃ ព្រមទាំងអ្នកជិតខាង ៤នាក់ និងក្រុមជាងសំណង់ ៤នាក់ បានធ្វើចត្តាឡីស័កនៅផ្ទះ។
ចំពោះអ្នករួមដំណើរ និងអ្នកបើករថយន្តតាក់ស៊ី TOYOTA SIENNA មានស្លាកលេខ ភ្នំពេញ 2BH-5208 ព្រមទាំងអ្នកជូនឡើងឡានតាក់ស៊ីសរុបចំនួន ៤នាក់ ដោយមានបុរសម្នាក់អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ត្រូវបានក្រុមការងារដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃនៅផ្ទះ។
ចំណែកអ្នកជូនឡើងឡានតាក់ស៊ី អ្នករួមដំណើរម្នាក់ទៀត និងអ្នករត់តាក់ស៊ី មានទីលំនៅនៅភ្នំពេញ ត្រូវបានក្រុមការងារផ្តល់ដំណឹងជូនទៅដល់ «អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ រាធានីភ្នំពេញ» ដើម្បីមានចំណាត់ការបន្ត។
ស្ត្រីជាជនជាតិខ្មែរអាយុ ៣៣ឆ្នាំ ត្រូវជាបងថ្លៃរបស់បុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ បានជិះរថយន្តរួមទៅធ្វើការងារ ហើយបានប៉ះពាល់ដោយប្រយោលមានហានិភ័យកម្រិតទាបជាមួយអ្នករួមដំណើរចំនួន ៦៨នាក់ ត្រូវបានក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានអប់រំណែនាំឱ្យអនុវត្តតាមវិធានការសុខភិបាល និងត្រូវធ្វើចត្តាឡីស័កដាក់ខ្លួនដាច់ឡែកនៅតាមផ្ទះឱ្យបានត្រឹមត្រូវ រង់ចាំលទ្ធផលវត្ថុវិភាគសំណាករបស់បុរសជនជាតិខ្មែរខាងលើ។
រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬដឹងថាខ្លួនបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយបុរស និងអ្នកបើកបររថយន្តតាក់ស៊ីខាងលើចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីមានវិធានការបន្ត។
រដ្ឋបាលខេត្តក៏បានស្នើឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយប្រកាន់ខ្ជាប់នូវវិធានការអនាម័យ និងអនុវត្តវិធានការទប់ស្កាត់ការពារជំងឺកូវីដ-១៩ «៣ការពារ និង ៣កុំ» ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕