(ក្រចេះ)៖ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច សហការជាមួយមន្ដ្រីសុខាភិបាល នៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានចុះទៅបិទដំណើរការបណ្ដោះអាសន្ននូវ មន្ទីរសម្រាកព្យាបាល និងសម្ភព ព្រាបស ក្រោយមន្ដ្រីនគរបាលម្នាក់នៅខេត្តត្បូងឃ្មុំ ដែលកើតជំងឺកូវីដ-១៩បានទៅទីនោះ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តក្រចេះ បានឲ្យដឹងនៅមុននេះបន្ដិចថា ក្រោយទទួលបានព័ត៌មានថា មន្ដ្រីនគរបាលនៅខេត្តត្បូងឃ្មុំដែលកើតជំងឺកូវីដ បានទៅទីនោះ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច និងមន្ដ្រីសុខាភិបាល បានចុះទៅបិទបណ្ដោះអាសន្នសិន។
បើតាមសេចក្ដីរាយការណ៍ ក្រៅពីការបិទដំណើរការបណ្ដោះអាសន្នហើយនោះ សមត្ថកិច្ចបានហ៊ុព័ទ្ធទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភព ព្រាបស ដោយមិនអនុញ្ញាតឲ្យអ្នកនៅខាងក្នុងនោះចេញឡើយ ហើយត្រូវរង់ចាំការពិនិត្យសំណាកនៅថ្ងៃស្អែកទាំងអស់។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឲ្យដឹងថា អ្នកដែលត្រូវធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យឯកជន«ព្រាបស» មានចំនួន៣៦នាក់ ស្រី២៣នាក់ ក្នុងនោះរួមមាន៖
- បុគ្គលិកពេទ្យ ១១នាក់ ស្រី ៤នាក់
- អ្នកជំងឺ ១០នាក់ ស្រី ៩នាក់
- អ្នកថែទាំអ្នកជំងឺ ១៥នាក់ ស្រី១០នាក់
សូមជម្រាបថា មន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ទៀតហើយ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ដែលបានឆ្លងពីលោកវរសេនីយ៍ត្រី ឡេង ពៅ នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
មន្រ្តីនគរបាលដែលរកឃើញវិជ្ជមានកូវីដ១៩ នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ គឺលោកវរសេនីយ៍ទោ វ៉ាន់ ណាក្រូ មានតួនាទីជាប្រធានការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្ត។ នេះបើតាមមន្រ្តីសុខាភិបាល និងអាជ្ញាធរ ខេត្តត្បូងឃ្មុំ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ។
សូមបញ្ជាក់ថា កាលពីម្សិលមិញ លោកវរសេនីយ៍ត្រី ឡេង ពៅ នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩៕