(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាង២០គ្រួសារ រស់នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន បានបង្ហាញកង្វល់ និងអស់ជំនឿលើអាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ ពីព្រោះរហូតមកដល់ពេលនេះ នៅមិនទាន់មាន ដំណោះស្រាយនៅឡើយទេ ជុំវិញក្រុមហ៊ុនសំណង់ផ្ទះល្វែងមួយ បានសង់រំលោភចំណីផ្លូវ ដែលសាលារាជធានីភ្នំពេញបានកំណត់។
ប្រជាពលរដ្ឋទាំងនេះ បានស្វែងរកអន្តរាគមន៍ ជាបន្តបន្ទាប់ពីអាជ្ញាធរសង្កាត់ និងអាជ្ញាធរខណ្ឌ ប៉ុន្តែក្រុមមន្រ្តីសាលាខណ្ឌមួយចំនួន ធ្លាប់ចុះមកមើលដែរ ប៉ុន្តែគ្រាន់តែមកមើលហើយត្រឡប់ទៅវិញបាត់ឈឹងរហូត សង្ស័យត្រូវថ្នាំតាសាម៉ោមរបស់ក្រុមហ៊ុនសំណង់ផ្ទះល្វែងទាំងនោះក៏មិនដឹង។
តាមរយៈអង្គភាព Fresh News ប្រជាពលរដ្ឋ បានថ្លែងថា នៅភូមិគោកចំបក់ មានផ្លូវទៅកាន់ភូមិប្រវែងជិត២០០ម៉ែត្រ និងទទឹង៤ម៉ែត្រ ហើយចំណីផ្លូវសងខាង៣ម៉ែត្រៗ អាជ្ញាធររាជធានីភ្នំពេញសម្រេចទុក ដើម្បីពង្រីកងាយស្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ប៉ុន្តែចំណីផ្លូវដែលទុកពង្រីកនេះ ត្រូវបានក្រុមហ៊ុនសំណង់ផ្ទះល្វែងខាងលើ បានសង់រំលោភបាត់ទៅហើយ ។
ប្រជាពលរដ្ឋទាំងនោះបានបង្ហាញពី ក្តីកង្វល់ព្រួយបារម្ភយ៉ាងខ្លាំងបំផុត គឺសំរាមដែលក្រុមហ៊ុនប្រមូលសំរាម មិនអាចបើករថយន្តចូលទៅយកសំរាមបាននោះទេ ហើយបញ្ហាមួយទៀតបើសិនមានគ្រោះអគ្គិភ័យកើតឡើង រថយន្តសង្គ្រោះមិនអាចបើកចូលទៅបាននោះទេ ពីព្រោះផ្លូវមានទំហំតូចចង្អៀត។ ប្រជាពលរដ្ឋនាំគ្នាបន្តទៀតថា «សាលារាជធានីភ្នំពេញមានគំរោងពង្រីកផ្លូវខាងលើនេះចាក់បេតុងទទឹង១០ម៉ែត្រដែលមានប្រវែងជិត២០០ម៉ែត្រ លើគំរោងផ្លូវដែលមានស្រាប់ដែលមានទទឹង៤ម៉ែត្រ ដោយពង្រីកចេញសងខាងផ្លូវចំនួន៣ម៉ែត្រនៅលើគំរោងនោដែលសាលាក្រុងភ្នំពេញបានចេញប្លង់រឹងរួចជាស្រេច សម្រាប់គំរោងផងដែរ»។
ពួកគាត់បានបន្តទៀតថា ករណីដែលក្រុមហ៊ុនសំណង់ផ្ទះល្វែងឯកជនមួយនេះសង់របងលើគំរោងរបស់សាលាក្រុងនោះ ពួកគាត់បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ភូមិ-សង្កាត់-ខណ្ឌផងដែរ ហើយអាជ្ញាធរក៏បានចុះមករកដំណោះស្រាយម្តងរួចមកហើយ ប៉ុន្តែបែរជាអាជ្ញាធរ បានស្តីបន្ទោសទៅលើប្រជាពលរដ្ឋទៅវិញ ពេលដែលក្រុមហ៊ុន ទើបនឹងសាងសង់ហេតុអ្វី មិនរាយកាណ៍ទៅអាជ្ញាធរ ហើយគេសង់របងរួចរាល់ ទើបបានរាយការណ៍ទៅអាជ្ញាធរ។
បើតាមប្រជាពលរដ្ឋ «ក្នុងរយៈពេលជាងមួយខែហើយ ដែលអាជ្ញាធរខណ្ឌថា នឹងរកដំណោះស្រាយ ជូនពួកគាត់ដោយបានយកប្លង់(អិលម៉ាប)ឆែកមើលបើកាលណាឆែកឃើញថា ផ្លូវនោះត្រឹមត្រូវ ខាងអាជ្ញាធរ នឹងយកគ្រឿងចក្រវាយកម្ទេចរបងនោះចោល ធ្វើចេញជាផ្លូវតែម្តង តែយើងរង់ចាំដំណោះស្រាយជាងមួយខែ ទៅហើយដូចជាមិនមានដំណោះស្រាយអ្វីសោះ»។ តំណាងក្រុមហ៊ុន បានមកបកស្រាយថា ការសាងសង់របងនេះ គឺខាងក្រុមហ៊ុនបានសុំច្បាប់អនុញាត ពីសាលារាជធានីភ្នំពេញរួចហើយ ហើយការសាងសង់នេះ គឺសង់ហ៊ុំព័ទ្ធការដ្ឋានសំណង់តែប៉ុណ្ណោះ ដើម្បីការពារខ្លាចមានចោរលួចរបស់របរ ក្នុងការដ្ឋាន នៅពេណាដែលរដ្ឋកសាងគំរោងផ្លូវនេះ ខាងក្រុមហ៊ុននឹងយកគ្រឿងចក្រវាយកំទេចដោយខ្លួនឯង៕