(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងលោកជំទាវ ម៉ៅ ចំណាន និងក្រុមគ្រួសារ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានប្រគល់ថវិកាឧបត្ថម្ចំនួន៥០,០០០ ដុល្លារ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវី១៩កន្លងមក។
ខណ:ពេលបច្ចុប្បន្នដែល ថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនខណៈដែលប្រទេសកម្ពុជា មានការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ មានសព្វដោយសុគន្ធជាច្រើនបានចូលរួឧបត្ថម្ភថវិកា សម្ភារ ជូនដល់សមាគម TYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិនិងប្រជាជន។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ (TYDA) តាមរយៈការឧបត្ថម្ភថវិកា សម្ភារ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។
សូមបញ្ជាក់ថា ក្រុមការងារ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ១៩ បានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរ និងផ្នែកដែលពាក់ព័ន្ធ ក្នុងការចុះយកសំណាក និងដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ។
សូមជម្រាបថា ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ២៩នាក់ ដែល២៧នាក់ជាករណីឆ្លងសហគមន៍ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) ហើយ០២នាក់ទៀត ជាករណីដែលនាំចូលពីបរទេស ខណៈដែលមានអ្នកជាសះស្បើយថ្មីមានចំនួន ៣៤នាក់ផងដែរ។ តួលេខជាសរុបកម្ពុជា មានអ្នកឆ្លងកូវីដ-១៩ ចំនួន ១,៨១៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១,០៣៣នាក់, និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន៧៧៧នាក់ និងករណីស្លាប់ ចំនួន០៥នាក់៕