(កណ្តាល)៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលរងខេត្តកណ្តាល រួមនិងរដ្ឋបាលស្រុកល្វាឯម និងក្រុមការងារបានចុះបើកដំណើរការជាឡើងវិញ ចរាចរណ៍ចេញចូលភូមិជាធម្មតា ក្រោយបានឃ្លុំភូមិអស់រយៈពេល១៥ថ្ងៃ ដោយសារមានអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកមានវិជ្ជមានកូវីដ១៩ នាពេលកន្លងមក។
បច្ចុប្បន្នលទ្ធផលសំណាកប្រជាពលរដ្ឋទាំង៨០៦នាក់ ក្នុងភូមិវាលធំ ទទួលបានគឺអវិជ្ជមានទាំងអស់ ទើបសម្រេចបើកឲ្យដំណើរការភូមិជាធម្មតាឡើងវិញ។
ក្នុឱកាសនោះលោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរតែងបានគិតគូរ ពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩នេះ។
លោកអភិបាលរងខេត្តកណ្តាល បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលលទ្ធផលសំណាកអវិជ្ជមានទាំងអស់ ឲ្យយកចិត្តទុកដាក់អនុវត្តទៅតាមវិធានការណែនាំរបស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ «៣ការពារ និង៣កុំ» ព្រមទាំងវិធានការណ៍នានារបស់ក្រសួងសុខាភិបាល និងការណែនាំរបស់អាជ្ញាធរគ្រប់លំដាក់ថ្នាក់ ដើម្បីបញ្ជៀសពីការរាតត្បាត នៃជម្ងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។
ជាមួយនិងការបើកភូមិឡើងវិញនេះ លោកក៏បានឧបត្ថម្ភដល់គ្រួសារទាំងអស់ដែលបានធ្វើចត្តាឡីស័កនៅតាមផ្ទះ អង្ករ ២៥គីឡូក្រាម និងឃីត១កញ្ចប់ផងដែរ៕