(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានសម្រេចឃាត់ខ្លួនមេល្បែងមួយរូប និងបិទទីតាំងបណ្ដោះអាសន្នមួយកន្លែង បន្ទាប់ពីប្រតិបត្តិការស្រាវជ្រាវរកឃើញលួចបង្កប់បើកល្បែង (ឆ្នោតវៀតណាម) ខុសច្បាប់។
បើតាមការបញ្ជាក់របស់លោកអភិបាលខណ្ឌឫស្សីកែវ ជា ពិសី និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ចំពោះការសម្រេចឃាត់ខ្លួនមេល្បែងមួយរូប និងបិទទីតាំងបណ្ដោះអាសន្នមួយកន្លែងនេះ ដឹកនាំផ្ទាល់ដោយលោក លីន ញ៉ក់ អភិបាលរងខណ្ឌ និងបានអនុវត្តឡើងស្ថិតនៅចំណុច (ផ្សារសាំហាន់) តូបលេខB6 ផ្លូវលេខ១០៥ ក្រុមទី៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។
លោក លីន ញ៉ក់ អភិបាលរងខណ្ឌឫស្សីកែវ បញ្ជាក់ថា នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបល្បែងឆ្នោតវៀតណាមនេះ ក្រៅពីឃាត់ខ្លួនមេល្បែងម្នាក់ ទៅធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាព និងបិទទីតាំងបណ្ដោះអាសន្ន, កម្លាំងអាជ្ញាធរ រកពុំឃើញមានអ្នកចូលទៅចាក់ឆ្នោតឡើយ ដោយដកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួន រួមមាន៖ តុ, កៅអី, ក្តាខៀន សំរាប់កត់លេខឆ្នោត និងស្លាកឡូហ្គោមួយចំនួន ដើម្បីទប់រាល់បទល្មើសចោរកម្មផ្សេងៗ៕