(ភ្នំពេញ)៖ សមត្ថកិច្ច បានអំពាវនាវដល់អ្នកដែលធ្លាប់បានទៅ ឬធ្លាប់មានការពាក់ព័ន្ធ ជាមួយអ្នកធ្វើការនៅហាង Domino's Pizza AEON 1 សាខា ផ្សារទំនើបអ៊ីអន ១ (AEON 1) ចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ម៉ោង១៦៖៥២នាទីតទៅ សូមទៅយកសំណាកពិនិត្យសុខភាពរកជំងឺកូវីដ១៩ និងដាក់ខ្លួននៅដាច់ដោយឡែក។
ការអំពាវនាវបែបនេះ បន្ទាប់ពីហាង Domino's Pizza AEON 1 នេះ មានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩។ ក្នុងសេចក្តីជូនដំណឹង របស់អនុគណៈកម្មការស្រាវជ្រាវអ្នកសង្ស័យកូវីដ បានគូសបញ្ជាក់ថា អ្នកដែលត្រូវទៅយកសំណាក ពិនិត្យសុខភាពនេះ គឺសម្រាប់អ្នកចេញរោគសញ្ញាដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ។
អ្នកមានអការៈទាំងនេះ អាចទៅយកសំណាកនៅវិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយឥតគិតថ្លៃ។
សមត្ថកិច្ច ក៏បានអំពាវនាវដល់អ្នកបានចូលក្នុងនៅហាង Domino's Pizza AEON 1 ហើយមិនទាន់ចេញរោគសញ្ញា សូមធ្វើចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរយៈពេល១៤ថ្ងៃ៕