(កណ្ដាល)៖ គិតត្រឹមរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច សហការជាមួយមន្ដ្រីសុខាភិបាល បាននិងកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ មួន សុភាន់ នៅស្រុកមុខកំពូល ខេត្តកណ្តាល ក្រោយបុគ្គលរូបនេះ បានប៉ះពាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩ ហើយរត់គេចរហូតដល់ខេត្តពោធិ៍សាត់។
បុគ្គលឈ្មោះ មួន សុភាន់ រស់នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល បានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩ ប៉ុន្ដែមិនបានធ្វើចត្តាឡីស័កនោះទេ ពោលបានធ្វើដំណើររហូតដល់ខេត្តពោធិ៍សាត់ ទើបសមត្ថកិច្ចឃាត់ខ្លួនបានដើម្បីយកមកពិនិត្យសំណាក និងបញ្ជូនទៅធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា មុនធ្វើដំណើរទៅដល់ខេត្តពោធិ៍សាត់នោះ បុគ្គលរូបនេះបានធ្វើដំណើរទៅច្រើនកន្លែង និងជួបមនុស្សជាច្រើនអ្នកផងដែរ នៅមូលដ្ឋានស្រុកមុខកំពូល ខេត្តកណ្ដាល ទីដែលរូបគេរស់នៅ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្លាំងនគរបាល និងអាជ្ញាធរមានសមត្ថកិច្ច កំពុងសហការជាមួយមន្ដ្រីសុខាភិបាល ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមទៀត នៅក្នុងមូលដ្ឋានស្រុកមុខកំពូល ដើម្បីយកទៅធ្វើចត្តាឡីស័ក និងអនុវត្តតាមនីតិវិធីជាបន្ដបន្ទាប់ទៀត ចំពោះទីតាំងដែលរកឃើញថាពាក់ព័ន្ធ។
សូមជម្រាបថា រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងផ្លូវការពីការឃាត់ខ្លួនបុរសម្នាក់ យកទៅពិនិត្យសំណាក និងដាក់ឲ្យធ្វើចត្តាឡីស័ក ក្រោយបុរសរូបនេះអនុវត្តមិនបានត្រឹមត្រូវ បន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ហើយបានធ្វើដំណើររហូតខេត្តពោធិ៍សាត់។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា បុរសរូបនេះឈ្មោះ មួន សុភាន់ អាយុ៣៦ឆ្នាំ រស់នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ បុរសរូបនេះត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដើម្បីទៅដាក់នៅមណ្ឌលចត្តាឡីស័ក នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
បើតាមសេចក្ដីរាយការណ៍ គ្រាដែលបុគ្គលឈ្មោះ មួន សុភាន់ បានទៅដល់ខេត្តពោធិ៍សាត់នោះ បានដើររហេតរហូត ផឹកស៉ី ច្រៀងលេងសប្បាយទៅវិញ ដោយមិនបានខ្វាយខ្វល់ថា ខ្លួនបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩នោះទេ។ យ៉ាងណាមិញ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ច និងមន្ដ្រីសុខាភិបាល បាននាំខ្លួនបុគ្គលរូបនេះទៅពិនិត្យសុខភាព និងយកសំណាកដើម្បីរកជំងឺកូវីដ-១៩ រួចរាល់ ហើយបច្ចុប្បន្នកំពុងធ្វើចត្ដាឡីស័ក នៅមន្ទីរពេទ្យបង្អែកខេត្ត៕