(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា បុគ្គលដែលបំផុសកម្មករមិនឱ្យទៅចាក់វ៉ាក់សាំងកូវីដ១៩ ជាទង្វើរារាំងដល់ការអនុវត្តវិធានការរបស់អាជ្ញាធរ ដែលជាអំពើល្មើសច្បាប់។ បទល្មើសនេះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។
លោក គឹម សន្តិភាព បានចេញមករំលឹកបែបនេះ បន្ទាប់ពីមានបុរសម្នាក់បានចេញសារញុះញង់មិនឱ្យកម្មករទៅចាក់វ៉ាក់សាំងតាមបណ្តាញ Tik Tok។
លោក គឹម សន្តិភាព បានបញ្ជាក់នៅលើ Facebook នៅថ្ងៃទី២៤ ខែមីនា នេះថា៖ «ដោយមិនទាន់គិតអំពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត បុគ្គលណាដែលបានរារាំងតាមគ្រប់មធ្យោបាយក្នុងចេតនាមិនឱ្យបុគ្គលដទៃ ទៅទទួលការចាក់វ៉ាក់សាំង គឺជាអំពើល្មើសច្បាប់ដែលកំណត់បានជាបទល្មើស (រារាំងដល់ការអនុវត្តវិធានការ) តាមប្បញ្ញត្តិក្នុងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលត្រូវ ផ្តន្ទាទោស ដាក់ពន្ធនាគារពី៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០រៀល ទៅ ១០,០០០,០០០លានរៀល»។
លោក គឹម សន្តិភាព បន្ថែមថា ការរារាំងដល់ការអនុវត្តវិធានការនេះ បើមានការចម្លងកូវីដ១៩ ទៅអ្នកដទៃទៀតនោះ បុគ្គលនេះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល ។
លោក គឹម សន្តិភាព បានបញ្ជាក់ដែរថា ការផ្តល់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ គឺជាវិធានការមួយនៃវិធានការសុខាភិបាល ដែលបានដាក់ចេញដោយអាជ្ញាធរ មានសមត្ថកិច្ច។
សូមជម្រាបថា នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ មន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News បុគ្គលដែលប្រឌិតព័ត៌មានរឿងចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩របស់ចិន ហើយបង្ហោះចែកចាយនៅលើបណ្ដាញសង្គម TikTok ដើម្បីបំភ័យកម្មករកុំឱ្យចាក់នោះ ត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានហើយ។
ការចាប់ខ្លួននេះបានធ្វើឡើងនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈជននេះកំពុងបើកឡានចូលមករាជធានីភ្នំពេញ។ ក្រោយចាប់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់៕