(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ផ្តល់ហិរញ្ញប្បទានចំនួន ៧លានដុល្លារសហរដ្ឋអាមេរិក ជួយលើកកម្ពស់សមត្ថភាពការអប់រំបច្ចេកវិទ្យាពត៌មានវិទ្យានៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត និងសាលាមធ្យមសិក្សាបឋមភូមិនៅប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខាប្រគល់ និងទទួលថវិកាជំនួយនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ រវាងលោក Rho Hyunjun ប្រធានកយកាប្រចាំប្រទេសកម្ពុជា និងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តាមប្រព័ន្ធវីដេអូ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ KOICA បានបញ្ជាក់ថា គម្រោងនេះផ្តោតសំខាន់លើការចូលរួមចំណែករបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់គុណវុឌ្ឍិគ្រូឧទ្ទេស និងគ្រូបង្រៀន ក្នុងការអប់រំបច្ចេកវិទ្យាព័ត៌មានវិទ្យា នៅតាមមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត និងសាលាមធ្យមសិក្សាបឋមភូមិនៅខេត្តកំពង់ចាម ព្រៃវែង តាកែវ និងកណ្តាល។
តាមរយៈគម្រោងនេះ KOICA នឹងផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតដល់គ្រូឧទ្ទេស ធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា សៀវភៅសិក្សាកុំព្យូទ័រ បំពាក់កុំព្យូទ័រ និង កែលម្អបន្ទប់សម្រាប់បង្រៀនកុំព្យូទ័រនៅតាមមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត និងសាលាមធ្យមសិក្សាបឋមភូមិខាងលើ។
ក្នុងពិធីចុះហត្ថលេខានេះ លោក Rho Hyunjun បានបានគូសបញ្ជាក់ថា «KOICA សង្ឈឹមថា គម្រោងនេះនឹង ធ្វើអោយប្រសើរឡើងលើការអប់រំបច្ចេកវិទ្យាព័ត៌មានវិទ្យានៅប្រទេសកម្ពុជា ក៏ដូចជាចូលរួមចំណែកគាំទ្រដល់គោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា»។
សូមបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩១ ក្រោមក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ គឺជាទីភ្នាក់ងាររដ្ឋាភិបាលដែលបានផ្តល់នូវកម្មវិធីជំនួយឥតសំណងរបស់ប្រទេសកូរ៉េ។
KOICA មានគោលបំណងលើកកម្ពស់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ និងការផ្លាស់ប្តូរគ្នាទៅវិញទៅមកជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់បណ្តាប្រទេសទាំងនោះ។
ដើម្បីសម្រេចគោលដៅនេះ KOICA បានចូលរួមក្នុងគម្រោងជាច្រើនរួមទាំង កម្មវិធីគម្រោង និង កម្មវិធីផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍ (Development Experience Exchange Program-DEEP) កម្មវិធីអាហារូបករណ៍ មិត្តភក្តិកូរ៉េពិភពលោក (មានអ្នកស្ម័គ្រចិត្តនិងទីប្រឹក្សាកូរ៉េ) ជំនួយមនុស្សធម៌ និងជំនួយបន្ទាន់សម្រាប់គ្រោះមហន្តរាយ ភាពជាដៃគូសាធារណៈនិងឯកជន (PPP) កិច្ចសហប្រតិបត្តិការពហុភាគី និងមូលនិធិទប់ស្កាត់ជំងឺឆ្លងទូទាំងពិភពលោក៕