(ភ្នំពេញ)៖ អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានលើកឡើងថា វិធានការទប់ស្កាត់កូវីដ១៩ តាមរយៈការកំណត់មុខសញ្ញាអ្នកជំងឺបានយ៉ាងត្រឹមត្រូវ បានបង្ហាញយ៉ាងច្បាស់ពីយុទ្ធសាស្រ្តដ៏ល្អិតល្អន់របស់ក្រុមអ្នកជំនាញ។
ការលើកឡើងរបស់អ្នកតំណាងរាស្ត្ររូបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ មានចំនួនតិចជាងរាល់ថ្ងៃ។
Facebook ផ្លូវការរបស់លោក ហ៊ុន ម៉ានី បានសរសេរបញ្ជាក់យ៉ាងដូច្នេះថា៖ «វិធានការទប់ស្កាត់ តាមរយៈការកំណត់នូវមុខសញ្ញាអ្នកជំងឺបានយ៉ាងត្រឹមត្រូវ ការជម្លៀសបានយ៉ាងទាន់ពេលវេលា និងការដាក់ឲ្យធ្វើចត្តាឡីស័កស្របតាមនិយាមសុខាភិបាល បានបង្ហាញយ៉ាងច្បាស់ពីយុទ្ធសាស្រ្តដ៏ល្អិតល្អន់ និងគួរឲ្យទុកចិត្តបានពីសំណាក់ក្រុមអ្នកជំនាញរបស់យើង»។
បើតាមតំណាងរាស្ត្រវ័យក្មេងរូបនេះ, ការសម្រេចបាននូវភាពភាពជោគជ័យចេញពីយុទ្ធសាស្រ្តនេះ ក៏អាស្រ័យផងដែរ ទៅលើការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពីប្រជាពលរដ្ឋយើង។ ក្នុងន័យនេះ លោកបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្ន និងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩នេះ ដើម្បីឈានឆ្ពោះទៅការបិទបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍នេះ បានយ៉ាងឆាប់នៅពេលខាងមុខនេះ។
«ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់ក្រុមការងាររាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រុមគ្រូពេទ្យនៅជួរមុខទាំងអស់នៅក្នុងដំណាក់កាលដ៏លំបាកនេះ»។ នេះជាការបញ្ជាក់របស់ លោក ហ៊ុន ម៉ានី។
កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៨១៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០៣៣នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៧៧នាក់, ស្លាប់ចំនួន៥នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩។
ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យ និងអ្នកជំនាញ បានលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តដោយមិនរុញរា ដើម្បីនាំឲ្យប្រទេសកម្ពុជា ឆាប់ឈានទៅរកការបញ្ចប់ជំងឺដ៏សាហាវនេះ៕