(ព្រះសីហនុ)៖ សាលាខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវអ្នកពាក់ព័ន្ធនឹងទីតាំងចំនួន១០ ដែលអ្នកឆ្លងកូវីដ១៩ធ្លាប់ចូល ត្រូវទៅធ្វើតេស្តឲ្យបានត្រឹមត្រូវ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីជូនដំណឹងនេះ បញ្ជាក់ថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមការងារជំនាញរបស់រដ្ឋបាលខេត្តព្រះសីហនុ បានតាមដានសម្ភាសន៍ជាមួយបុគ្គលដែលមានជំងឺកូវីដ-១៩ ហើយពួកគាត់បានបញ្ជាក់ថាធ្លាប់បានចេញ ចូល និងមានការជាប់ពាក់ព័ន្ធដល់ទីតាំង ចំនួន១០ រួមមាន៖

១៖ សណ្ឋាគារ កាស៊ីណូតុងហ្វាង ប៉ាលីរិន មានទីតាំងនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ គឺមានអ្នកជំងឺកូវីដ-១៩ ម្នាក់ ដែលជាអ្នកគ្រប់គ្រងកាស៊ីណូហួយហ័រ បានទំនាក់ទំនងការងារជាប្រចាំ ជាមួយកាស៊ីណូខាងលើ ហើយគាត់មានអាការៈមិនស្រួលខ្លួនតាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ មកម្ល៉េះ ហើយគាត់ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

២៖ អគារស្នាក់នៅរបស់បុគ្គលិកសណ្ឋាគារ កាស៊ីណូតុងហ្វាង ប៉ាលីរិន ( មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ (ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ -១៩ ខាងលើ)។

៣៖ ផ្ទះសំណាក់ជីងហ្វ ជាអគារស្នាក់នៅរួមរបស់បុគ្គលិកសណ្ឋាគារ កាស៊ីណូតុងហ្វាង ប៉ាលីរិន(II) មានទីតាំងស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ (ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ -១៩ ខាងលើ)។

៤៖ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ (នុត សុភាព) មានទីតាំងនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ (អ្នកគ្រប់គ្រងកាស៊ីណូហួយហ័រ) ដែលបានទៅពិនិត្យព្យាបាលជំងឺ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ហើយចាប់ពីថ្ងៃទី១០ ដល់១៧ ខែមីនា ឆ្នាំ២០២១មក គាត់ក៏បានព្យួរសេរ៉ូមពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ៦៖០០នាទីល្ងាច នៅបន្ទប់ពិគ្រោះ និងព្យាបាលជំងឺនោះ។ នៅពេលព្រឹកគាត់
ហូបអាហារនៅអាហារដ្ឋានសុជាតា និងនៅពេលល្ងាចបានទៅហូបបបរនៅជាប់កន្លែងលក់នំប័ងសាច់អ៊ីតាយ (ចំនួន២ដង)។

៥៖ អាហារដ្ឋានសុជាតា មានទីតាំងនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ(ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ)។

៦៖ អាហារដ្ឋានលក់បាយ (លន់ ពលៈ) មានទីតាំងនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (ពាក់ព័ន្ធជាមួយអ្នកជំងឺវីដ -១៩ ខាងលើ)។

៧៖ គ្លីនិកស៊ីកាង អ៊ីយាន មានទីតាំងនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានការពាក់ព័ន្ធដូចជា៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៣៖០០ នាទីរសៀល មានអ្នកជំងឺកូវីដ-១៩ ម្នាក់បានជិះម៉ូតូកង់បី (តុកតុក) ចេញពីកាស៊ីណូហុយហ័រ ទៅពិនិត្យជំងឺចាក់ថ្នាំ និងព្យួរសេរ៉ូម នៅក្នុងគ្លីនិកខាងលើ និងបានសម្រាកព្យាបាលនៅទីនោះ ១យប់ រហូតដល់ព្រឹកថ្ងៃទី១៩ ខែមីនា ទើបគ្រូពេទ្យណែនាំឱ្យគាត់ទៅយកសំណាកនៅមន្ទីរ
ពេទ្យបង្អែកខេត្តព្រះសីហនុ ហើយលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

៨៖ ផ្សារទំនើបរីករាយ មានទីតាំងនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានការពាក់ព័ន្ធដូចជា៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ១៥៖០០នាទីរសៀល មានជនជាតិចិន ចំនួន ៥នាក់បានជិះរថយន្តដែលមានអ្នកបើកបរ(ជនជាតិខ្មែរ) ជាអ្នកផ្ទុកវីរុសកូវីដ-១៩ បាននាំគ្នាមកទិញទំនិញនៅផ្សារទំនើបរីករាយ ហើយត្រឡប់ទៅកាស៊ីណូហួយហ័រវិញ បច្ចុប្បន្នពួកគាត់មានវិជ្ជមានវីរុសវីដ-១៩។

៩៖ -ផ្សារទំនើបធៀហុង មានទីតាំងនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានការពាក់ព័ន្ធដូចជា៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ១៧៖០០នាទីល្ងាច មានអ្នកគ្រប់គ្រងបុគ្គលិកកាស៊ីណូហួយហ័រ (ភេទស្រី) រួមជាមួយអ្នកបើកបរជនជាតិខ្មែរ (ផ្ទុកវីរុសកូវីដ-១៩) និងបុគ្គលិកស្រី ១នាក់ទៀតជនជាតិខ្មែរ
(ផ្ទុកវីរុសកូវីដ-១៩) បានទៅទិញទំនិញនៅផ្សារទំនើបជឿហុង ហើយក៏បានត្រឡប់មកកាស៊ីណូវិញ។

១០៖ មន្ទីរសម្រាកព្យាបាល រស្មីបាយ័ន មានទីតាំងនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុមានការពាក់ព័ន្ធដូចជា៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ៧៖២៥នាទីព្រឹកមានបុគ្គលិកកាស៊ីណូហូយហ័រ ពីរនាក់ប្តីប្រពន្ធ មានអាការៈក្តៅខ្លួន ឈឺក បានមកពិនិត្យសុខភាពនៅមន្ទីរសម្រាកព្យាបាលខាងលើ គ្រូពេទ្យពិនិត្យឃើញគាត់រលាកបំពង់ក ហើយពួកគាត់ក៏បានវិលត្រឡប់មកសម្រាកនៅកាស៊ីណូវិញ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លទ្ធនៃការពិនិត្យសំណាកតេស្តបញ្ជាក់ថាគាត់មាន វិជ្ជមានវីរុសកូវីដ-១៩។

បើតាមសេចក្តីជូនដំណឹងដដែល, បច្ចុប្បន្នទីតាំងទាំង១០ ខាងលើ ត្រូវបានរដ្ឋបាលខេត្តរៀបចំដាក់ជាមណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីសុខាភិបាលខេត្តព្រះសីហនុ ក៏បានមកយកសំណាកពីអ្នកពាក់ព័ន្ធក្នុងទីតាំងទាំងនេះទៅពិនិត្យដើម្បីស្វែងរកវីរុសកូវីដ-១៩។

រដ្ឋបាលខេត្ត ក៏បានដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលធ្លាប់មានការពាក់ព័ន្ធជាមួយទីតាំងខាងលើ តាមពេលវេលាដែលបានបញ្ជាក់ជូននេះ សូមពិនិត្យសុខភាព(អាការៈប្រែប្រួល) ពិនិត្យកម្តៅផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ថែរក្សាអនាម័យខ្លួនជានិច្ច ក្នុងករណីមានការសង្ស័យត្រូវទៅយកសំណាកនៅវេទិកា ៧មករា ឬករណីសុខភាពប្រែប្រួលខុសប្រក្រតីដូចជាឡើងកម្ដៅលើស ពី ៣៧អង្សាសេ ក្អកកណ្តាស់ ឈឺបំពង់ក មានកំហាក...។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តតាមរយៈទូរសព្ទ 012 888 737 ឬ 016 526 520 ។

សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៨១៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០៣៣នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៧៧នាក់, ស្លាប់ចំនួន៥នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩។

គិតត្រឹមយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ សម្រាប់នៅខេត្តព្រះសីហនុ មានអ្នកឆ្លងកូវីដ១៩ ចំនួន ១៩៥នាក់ ក្នុងនោះកំពុងសម្រាកព្យាបាល ៧៧នាក់។ នេះបើតាមការបញ្ជាក់ ពីលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ប្រាប់បណ្តាញព័ត៌មាន Fresh News ៕